ភ្នំពេញ៖នារសៀលថ្ងៃទី០៨ តុលាឆ្នាំ២០២៥នេះ មានពិធីប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅអគ្គនាយកដ្ឋានពន្ធដាថ្មី ក្នុងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
ពិធីនេះត្រូវបានតែងតាំងលោក សិញ សេងហោ ជាប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និង ប្រកាសតែងតាំងលោក ស៊ុន វុទ្ធី ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករានាពេលនេះធ្វើឡើងជាធម្មតា សំរាប់អាជីពមន្ត្រីរាជការ ទៅតាមនីតិវិធីកំណត់ដោយច្បាប់។
ជាក់ស្តែងចំពោះការប្រកាសតែងតាំងអ្នកទាំង២នាពេលនេះ គឺដើម្បីបន្តអនុវត្តការងារកាន់តែល្អថែមទៀត ក្នុងការរកចំណូលថវិកាពីអ្នកជាប់ពន្ធចូលជាថវិការដ្ឋ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីក្នុងឱកាសនោះបានសូមឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា បញ្ចេញឱ្យអស់ចំណេះដឹង ក្នុងការប្រមូលពន្ធ កែទម្រង់ខាងក្នុង ធានាអភិបាលកិច្ចល្អនិងគ្មានកំហុសឆ្គង។
ឯកឧត្ដម ឃួង ស្រេង ក៏បានផ្តាំផ្ញើផងដែរថា ក្នុងនាមជាមន្ត្រីរាជការ បំរើសេវាអ្នកជាប់ពន្ធ ត្រូវបំពេញការងារនេះឱ្យបានល្អ ឱ្យបានលឿននិងមានតម្លាភាព។ត្រូវដឹងខ្លួនថា យើងជាមន្ត្រីបំរើពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ គាំទ្រ ជាមួយនឹងការសហការជាមួយសាខាពន្ធដាររាជធានីភ្នំពេញ ដើម្បីជំរុញឱ្យការប្រមូលពន្ធ ពីអ្នកជាប់ពន្ធ បានរលូនស្របទៅតាមផែនការដែលបានកំណត់។
ក្នុងឱកាសនោះ ឯកឧត្តម គង់ វិបុល ក៏បានថ្លែងនូវការអរគុណចំពោះ ប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា ចាស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារបានយ៉ាងល្អ ជូនអគ្គនាយកដ្ឋានពន្ធដារ ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ឯកឧត្តម គង់ វិបុល នៅបានណែនាំឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករាដែលតែងតាំងថ្មីនេះ បន្តកិច្ចការងារនេះ ឱ្យបានកាន់តែល្អ ស្របតាមវិជ្ជាជីវៈ ធ្វើជាមន្ត្រីស្អាតស្អំរបស់រាជរដ្ឋាភិបាល មានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយមិនត្រូវមើលរំលងពីកំហុសឆ្គងរបស់ខ្លួនឯង។ ក្នុងនាមជាមន្ត្រីបំរើរាស្ត្រ ត្រូវបំរើសេវាជូនអ្នកជាប់ពន្ធឱ្យបានល្អ ទាំងពាក្យសំដី ទាំងការផ្តល់សេវាជាដើម ឱ្យសមជាមន្ត្រីរបស់រាជរដ្ឋាភិបាលដែលមានក្រមសីលធម៏ខ្ពស់ ក្មេង ឆ្លាតវៃនិងប៉ិនប្រសព្វ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















