ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក « វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត» នាព្រះវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
តាមរយៈវេទិកា និងពិព័រណ៌ទេសចរមូស្លីមនៅថ្ងៃនេះបានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
ក្នុងពិធិដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃស្ថានឯកអគ្គរាជទូត ស្ថានឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមប្រចាំប្រទេសកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, តំណាងអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងស្ថាប័ន ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍, ក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរជាតិ, ប្រតិបត្តិករទេសចរណ៍, វិស័យឯកជន, មជ្ឈមណ្ឌលឥស្លាមភ្នំពេញ និង គណៈអ៊ីមាំ រាជធានីភ្នំពេញ និងលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ការរៀបចំវេទិកា និងពិពណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នាពេលនេះ នឹងផ្ដល់នូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនក្នុងការពង្រឹង និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី សុដុមនីយកម្មសាសនា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបង្ហាញអំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្តាប្រទេសឥស្លាម ជាពិសេសចូលរួមដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពង្រីកចំណងមិត្តភាពការទូត រវាងកម្ពុជា និងបណ្តាប្រទេសឥស្លាម ដែលបង្ហាញថា «ព្រះរាជាណាចក្រកម្ពុជា៖ ជាគោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត»។
សូមជម្រាបជូនថា ពិព័រណ៌ទេសចរណ៍មូស្លីមនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែតុលា ដោយមានការដាក់តាំងពិព័រណ៍នូវផលិតផល និងសេវាកម្មទេសចរណ៍ប្រមាណជិត ១០០ស្តង់ ក្នុងនោះ រួមមាន៖ ស្តង់របស់ស្ថានទូត សេវាកម្មម្ហូបអាហារនិងស្នាក់នៅ កញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអាកាសចរណ៍ ម៉ូតសម្លៀកបំពាក់ គ្រឿងសម្អាង និងផលិតផលជាច្រើនមុខទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី














