ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត
ក្នុងឱកាស “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ធ្វើសកម្មភាព រៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ» រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និង ទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា
ក្នុងទិវាដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងបានយកព្រះទ័យទុកដាក់ ខ្ពស់ចំពោះសុខទុក្ខប្រជាជន ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ដោយក្តីអាណិតស្រឡាញ់ និងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដ៏ថ្លៃថ្លាជួយដល់ប្រជាជន កូនចៅ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត , ក៏សូមយកឱកាសនេះសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរ បានយកអស់នូវកម្លាំងកាយ កម្លាំងប្រាជ្ញា និងធនធាន យកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណា ខ្ញុំក៏សូមថ្លែងនូវអំណរព្រះគុណប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង អរគុណជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិអន្តរជាតិ ផ្នែកឯកជន សប្បុរសជន និងប្រទេសជាមិត្ត ដែលបានឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធាន សម្ភារៈ ជួយដល់ប្រជាជនកម្ពុជាដែលទទួលរងនូវគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កដោយមនុស្ស។
សម្តេចធិបតី បានថ្លែងបន្តទៀតថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ពិភពលោកបាននិងកំពុងប្រឈមទៅនឹងវិបត្តិហានិភ័យជាច្រើន បង្កឡើងដោយ ធម្មជាតិនិងមនុស្ស ដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយ បង្កឱ្យមានជាគ្រោះមហន្តរាយធម្មជាតិ រួមមានទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ភ្លើងឆេះព្រៃ ជំងឺរាតត្បាត។ល។ មកលើ ប្រទេសជាច្រើន មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រឡើយ។ ជាមួយគ្នានេះ សង្គ្រាម និងជម្លោះប្រដាប់អាវុធ នៅតំបន់មួយចំនួនក្នុងពិភពលោក ដែលជាគ្រោះមហន្តរាយដោយមនុស្ស បន្តវិវត្តលេចធ្លោឡើងប្រកបដោយ ភាពស្មុគស្មាញថែមទៀត។
ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ ក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត អគ្គិភ័យ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត បានបង្កផល ប៉ះពាល់ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។ ប៉ុន្តែ ទោះស្ថិតក្នុងកាលៈទេសៈ ណាក្តី រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការ ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវិល ធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្គ្រោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ជាពិសេសការឆ្លើយតបដោយបំពេញកិច្ចការមនុស្សធម៌ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលបង្កឡើងដោយ ជម្លោះនៅព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។
ប្រធានបទដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាឱកាសនេះ ស្របជាមួយ ទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ដែលជាការផ្សារភ្ជាប់ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមជាមួយថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការបង្ហាញអំពីជំហរ ការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ាន ក្នុងការរួមគ្ន គ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង ការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងស្មារតីការលើកកម្ពស់អាស៊ានតែមួយ និងស្របតាមក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០។
ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច-សង្គម របស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ននិងចីរភាព។ ក្នុងន័យនេះ គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ គឺមានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការ វិនិយោគភាពវៃឆ្លាត គឺការវិភាជទុននិងធនធានដោយផ្ទាល់ ដើម្បីធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ នៅក្នុងការអភិវឌ្ឍសហគមន៍។
ប្រធានបទឆ្នាំនេះ «ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ» ជាការ លើកទឹកចិត្តដល់ស្ថាប័ននិងប្រជាជនទាំងអស់ ឱ្យចូលរួមក្នុងការកែលម្អសុវត្ថិភាព និងភាពធន់របស់សហគមន៍។ ដើម្បីឱ្យការប្ដេជ្ញានេះក្លាយជាការពិត ខ្ញុំសូមអំពាវនាវដូចខាងក្រោម៖
១- លើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធ ក្នុងការកាត់បន្ថយហានិភ័យ និងការ
យល់ដឹងអំពីគ្រោះមហន្តរាយ។
២- គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹង ធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពី
៣-
ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍ សមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។
៤- រាជធានី ខេត្ត ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងទឹកនៅមូលដ្ឋាន ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។
៥- ក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្ត ទុកដាក់លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ។
៦- លើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដោយត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយ។
៧- ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់ ដោយវិនិយោគវៃឆ្លាតលើលំនៅឋាន សហគមន៍ និងមុខរបរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















