Monday, October 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានណែនាំមន្ត្រីកសិកម្មឃុំឱ្យប្រើប្រាស់ធនធាន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រេីផ្តល់សេវាប្រឹក្សាយោបល់ជូនប្រជាកសិករទាំងបច្ចេកទេសកសិកម្ម ទីផ្សារ និងសេដ្ឋកិច្ច

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរដល់មន្រ្តីកសិកម្មឃុំទាំងអស់ដែលបានប្រលងជាប់និងចូលបម្រើការងារតាមមូលដ្ឋាន ហេីយបានថ្លែងថាការបណ្ដុះបណ្ដាលជំនាញឌីជីថល និងការផ្ដល់ធនធានទាំងនេះ គឺជាការជួយសម្រួលដល់ការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំក្នុងការគាំទ្រនិងបម្រើប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមស្មារតី«មានហូប មានបាន មានប្រេី និងមានរហូត» នៃគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំប្អូនៗមន្ត្រីកសិកម្មឃុំឱ្យប្រើប្រាស់ធនធានទាំងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រេីផ្តល់សេវាប្រឹក្សាយោបល់ជូនប្រជាកសិករទាំងបច្ចេកទេសកសិកម្ម ទីផ្សារ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឱ្យប្អូនៗមន្ត្រីកសិកម្មឃុំបន្តជ្រោមជ្រែងនិងប្រមូលផ្តុំកសិករឱ្យចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនេីប ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើម និងការធានាទីផ្សារតម្លៃទុកមុន។

សូមជម្រាបជូនថា ការបណ្ដុះបណ្ដាលជំនាញឌីជីថល គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពមន្ត្រីកសិកម្មឃុំ ក្នុងការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សាប៉ាន់ស្មានផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការនិងព័ត៌មានរបស់ឣ្នកប្រមូលទិញធៀបនឹងទិន្នផល ប៉ាន់ស្មានតម្រូវការធាតុចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ព័ត៌មានដែលទទួលបានទាំងនេះ នឹងត្រូវចងក្រង ដើម្បីរាជរដ្ឋាភិបាលរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានបញ្ហាប្រឈម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×