ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូប្រវែង ១១៩ម៉ែត្រ ដែលបានរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមជម្រាបថា ជាវិធានការ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានធ្វើការណែនាំឱ្យក្រុមហ៊ុនរុះរើសំណង់របងបេតុងប្រវែង ១១៩ម៉ែត្រ ដែលបានសង់កៀកនឹងមាត់ស្ទឹង ថយមកខាងក្រោយដោយរក្សាទុកគម្លាត ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់ ក្នុងរយៈពេល១៤ថ្ងៃ ហើយដែលការអនុវត្តការរុះរើរបងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដឹកនាំដោយឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ព្រមទាំងមេធាវីប្រចាំក្រសួង ដឹកនាំដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយរដ្ឋបាលស្រុកត្រាំកក់ មន្ទីរ និងការិយាល័យជំនាញ និងតំណាងក្រុមហ៊ុន។
សូមបញ្ជាក់ថា បើតាមមាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖
ទី១)ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា)
ទី២)ទន្លេ ចម្ងាយ៥០(ហាសិប)ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
ទី៣)ស្ទឹង ចម្ងាយ៣០(សាមសិប)ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
ទី៤)ព្រែក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
ទី៥) អូរ ចម្ងាយ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ
ទី៦)ប្រឡាយមេ ចម្ងាយ១០(ដប់)ម៉ែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
ទី៧)ប្រឡាយរង ចម្ងាយ៥(ប្រាំ)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
ទី៨) ប្រឡាយស្រោចស្រព ចម្ងាយ៣(បី)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
ទី៩)អាងទឹក ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក
ទី១០)បឹងបួ ចម្ងាយ៥០(ហាសិប)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក និង
ទី១១)ទំនប់អាងទឹក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់តិចជាង៤(បួន)ម៉ែត្រ។ ចម្ងាយ១០០(មួយរយ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤(បួន)ម៉ែត្រទៅ៨(ប្រាំបី)ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨(ប្រាំបី)ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















