ប្រទេសចិន ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកំាងប្រទេសចិន ដែលជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ មេត្តាចូលរួមតាមដានឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ”។ សម្តេចបន្តថា “សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង។”
សូមជម្រាបថាចាប់តំាងពីការផ្ទុះជម្លោះឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៥ មក បានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។ ក្នុងជំរំភៀសសឹកមានមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីខ្លះទើបឆ្លងទន្លេក៏មាន។ កុមារប្រមាណ ៥៨%ផ្សេងទៀត ជាពិសេសកុមារីតូចៗ មានការភ័យខ្លាចពីការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង ជាពិសេសខាតបង់ការសិក្សា។
ដើម្បីស្តារស្ថានភាពបច្ចុប្បន្ន និងឈរលើស្មារតីស្រលាញ់សន្តិភាពយ៉ាងស្មោះស្ម័គ្រ កម្ពុជាបានបន្តប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ខែកក្កដា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងសម្របសម្រួលដោយឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ានព្រមទាំងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាច្រើនទៀត នៅក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ ប៉ុន្តែទោះមានបទឈប់បាញ់នេះក្តី ក៏ភាគីប្រទេសថៃនៅបន្តព្យាយាមរំលោភបំពានដល់កិច្ចព្រមព្រៀងឈប់បាញ់បន្តបន្ទាប់ ដោយបានបង្កឱ្យមានភាពតានតឹងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន តាមរយៈការរាយលួសបន្លា និងកង់ទ្បាន ការប្រើអំពើហិង្សាលើជនស៊ីវិលកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនៅតាមព្រំដែន ជាដើម។
កម្ពុជាបានប្រកាន់ជំហរសន្តិភាព អត់ធ្មត់ដោយសារមិនចង់ឃើញប្រជាពលរដ្ឋនៃប្រទេសទំាងពីររងគ្រោះកាន់តែធ្ងន់ធ្ងរពីសង្រ្គាមឡើយ។ កម្ពុជាបានព្យាយាមតាមដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា ដើម្បីធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនវិលទៅសភាពប្រក្រតីភាព ឡើងវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី
