Tuesday, October 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរុះរើរបងថ្មប្រវែង ១១៩ម៉ែត្រ ដែលសង់ចូលដីចំណីស្ទឹងស្លាគូ បានអនុវត្តរួចរាល់ជាស្ថាពរ

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន និងក្រុមមេធាវីក្រសួង សហការជាមួយរដ្ឋបាលស្រុកត្រាំកក់ មន្ទីរ និងការិយាល័យជំនាញ ចុះអនុវត្តការរុះរើរបងថ្មប្រវែង ១១៩ម៉ែត្រ ដែលសង់ចូលចំណីស្ទឹងស្លាគូ ក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

ឯកឧត្តមប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ការរុះរើរបងថ្មប្រវែង ១១៩ម៉ែត្រ ដែលសង់ចូលដីចំណីស្ទឹងស្លាគូ បានអនុវត្តរួចរាល់ជាស្ថាពរ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាលស្រុកត្រាំកក់ និងពីតំណាងក្រុមហ៊ុន។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងឱកាសចុះពិនិត្យផលប៉ះពាល់ជាក់ស្តែង បានធ្វើការណែនាំឱ្យក្រុមហ៊ុនរុះរើសំណង់របងថ្មប្រវែង ១១៩ម៉ែត្រ ដែលសង់ចូលចំណីមាត់ស្ទឹង ថយមកខាងក្រោយដោយរក្សាទុកគម្លាត ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់ ហើយដែលការអនុវត្តរុះរើរបងថ្មនេះ ត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×