Tuesday, October 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន ៖ ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីប្រារព្ធខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស (Japan Overseas Cooperation Volunteers) ដែលត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅរាជធានីភ្នំពេញ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៦០នៃការបង្កើតក្រុមអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ ក្រៅប្រទេស (JOCV) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាព អន្តរជាតិ និងការចូលរួមចំណែកដ៏មានអត្ថន័យចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ក្នុងរយៈពេល៦ទសវត្សរ៍កន្លងមកនេះ។

កម្ពុជាមានកិត្តិយសណាស់ ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដំបូងគេ ដែលបានទទួលអ្នកស្ម័គ្រចិត្ត JOCV នៅឆ្នាំ ១៩៦៥ ។ ការទទួលអ្នកស្ម័គ្រដំបូងនេះ គឺជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់មិត្តភាពដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងកម្ពុជានិងជប៉ុន ហើយមិត្តភាពនេះបាននិងកំពុងបន្តរីកចម្រើន ប្រកបដោយភាពរឹងមាំ និងមានខ្លឹមសារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ក្នុងរយៈពេល៦ទសវត្សរ៍កន្លងទៅនេះ ជប៉ុនបានបញ្ជូនអ្នកស្ម័គ្រចិត្តជាង៥៧.០០០នាក់ ទៅកាន់ ប្រទេសចំនួន១០២ ដែលក្នុងនោះមានអ្នកស្ម័គ្រចិត្តជាង ៨០០នាក់ បានមកនិងកំពុងបំពេញការងារនៅទូទាំង ប្រទេសកម្ពុជាផងដែរ ។ ការរួមចំណែករបស់អ្នកស្ម័គ្រចិត្តទាំងនេះក្នុងវិស័យសំខាន់ៗដូចជា៖ អប់រំ អភិបាលកិច្ច សុខាភិបាល កសិកម្ម កីឡា សាធារណៈការ និងទឹកស្អាត/អគ្គិសនី បាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ក្រៅពីជំនាញបច្ចេកទេសរបស់ខ្លួន អ្នកស្ម័គ្រចិត្តទាំងនេះបានចូលរួមលើកកម្ពស់ស្មារតីមិត្តភាព ការយល់ដឹងពី វប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ហើយបានបន្សល់ទុកនូវគុណតម្លៃដ៏យូរអង្វែង ដែលបន្តធ្វើអោយ សង្គមរបស់យើងទាំងពីរកាន់តែរីកចម្រើន ។

ក្នុងន័យនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះអ្នកស្ម័គ្រចិត្តជប៉ុនទាំងអស់ ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត ដែលមានការលះបង់ និងវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងស្មារតីស្មោះសរសម្រាប់កិច្ច សហប្រតិបត្តិការជាមួយកម្ពុជា និងពិភពលោក។
ប្រវត្តិរបស់អ្នកស្ម័គ្រចិត្តជប៉ុន ក៏ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពកាន់តែទូលំទូលាយ និងស៊ី ជម្រៅរវាងកម្ពុជា និងជប៉ុនផងដែរ។ ប្រទេសយើងទាំងពីរជាដៃគូដ៏យូរអង្វែង និងប្រកបដោយថាមវ័ន្ត ដោយ ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងបំណងប្រាថ្នារួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និង វិបុលភាព។

ជាច្រើនឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនលើវិស័យ នានាជាច្រើន រួមមានជំនួយអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការ ដោះមីន ទឹកស្អាត និងការផ្លាស់ប្តូរវប្បធម៌។

ទំនាក់ទំនងកម្ពុជា-ជប៉ុន ត្រូវបានបន្តពង្រឹងបន្ថែមទៀត តាមរយៈចំណងដ៏ជិតស្និទ្ធរវាងប្រជាជន និង ប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់ ក្នុងនោះមានដំណើរទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុនកាលពីខែឧសភាកន្លងទៅ ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាង សកម្មនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ។ ការដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ គឺជាទំព័រថ្មីមួយក្នុងដំណើររួមគ្នារបស់ប្រទេសយើងទាំងពីរ ដែលបញ្ជាក់សាជា ថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និង ស្ថិរភាពក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងបន្តទៀតថា ជប៉ុនជាមិត្តជិតស្និទ្ធរបស់កម្ពុជាតាំងពីយូរលង់ណាស់មកហើយ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដំណើរការសន្តិភាពរបស់កម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ៩០ និងការកសាងឡើងវិញ និងការអភិវឌ្ឍកម្ពុជា ក្រោយជម្លោះ។ ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន (ODA) បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុង ការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការគាំទ្រនិងមិត្តភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មកនេះ ។ ខ្ញុំសូមអរគុណយ៉ាងស្មោះ ចំពោះទីស្នាក់ការកណ្តាលJICA ជាពិសេសការិយាល័យ JICA ប្រចាំ កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអនុវត្តកម្មវិធីODAរបស់ជប៉ុន និងអរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត UENO Atsushi និងមន្ត្រីស្ថានទូត ចំពោះការប្តេជ្ញាបន្តយកចិត្តទុកដាក់ និងធ្វើកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលនឹងចូលរួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រទេសយើងទាំង ពីរអោយកាន់តែរឹងមាំបន្ថែមទៀត ។

ឯកឧត្តម សម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ស្មារតី និងមរតកដ៏យូរអង្វែងនៃក្រុមអ្នកស្ម័គ្រ ចិត្តជប៉ុន នឹងបន្តលើកទឹកចិត្តមនុស្សជំនាន់ក្រោយ ឱ្យធ្វើការរួមគ្នាដើម្បីពិភពលោកមួយដែលមានសន្តិភាព បរិយាបន្ន និងវិបុលភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×