សៀមរាប ៖ ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប ពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក-សំពះព្រះខែទេ ប៉ុន្តែជំនួសមកវិញនូវកម្មវិធីសប្បាយភាព អធិកអធម គឺសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធីកម្សាន្តមួយចំនួនដូចជា : ជិះទូកកម្សាន្តលើស្ទឹងសៀមរាប, ផ្សារទឹក , កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, កម្មវិធីប្រគំតន្ត្រីស្គរដៃ, កម្មវិធីស្តង់ពិព័រណ៍, កម្មវិធីប្រដាល់គុនខ្មែរ, ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។
កម្មវិធីដ៏សែនមនោរន្យនៅដើមខែវិច្ឆិកាឆ្នាំនេះ ត្រូវបានបង្ហាញដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធាន ស.ស.យ.ក.ខេត្ត ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគ្រោងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នៅតាមដងស្ទឹងសៀមរាប នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ កម្មវិធីកម្សាន្តសប្បាយនេះ ជំនួសឱ្យ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក-សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ-ព្រហស្បតិ៍ ១៤កើត-១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
ការរៀបចំកម្មវិធីនេះឡើង គោលបំណងជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាប និងការបង្ហាញនូវផលិតផលខ្មែរ ជាច្រើនប្រភេទ ក៏ដូចច្រើនមុខ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ អនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ» រួមទាំងបង្កើតឱ្យមាននូវផ្ទាំងទស្សនីយភាពប្លែកៗ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តសៀមរាប ចូលរួមសប្បាយរីករាយ និងកាន់តែច្រើនកុះករបន្ថែមទៀត។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ លោក ប្រាក់ សោភ័ណ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលស្មោះត្រង់ ស្រលាញ់ការងារ ជាពិសេសគោរពរាល់បទបញ្ជា យកចិត្តទុកដាក់សម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ គ្រប់កម្មវិធី មិនថាថ្ងៃ យប់ , ក្តៅ រឺ ក្រោមតំណក់ទឹកភ្លៀង ជាពិសេសថ្ងៃដែលគេឈប់សម្រាក គឺជាថ្ងៃដែលត្រូវប្រចាំការ, និងជាប្រចាំ ខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

















