ភ្នំពេញ ៖ តារាសម្តែង បង្ហាញម៉ូត និងជា 𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟯 កំពុងទទួលបានប្រជាប្រិយភាពខ្ពស់ លើកិច្ចការងារសង្គមកញ្ញា កុយ អេនណា កាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីនាងបានបញ្ចប់យុទ្ធនាការដើរដោយថ្មើជើងពីរាជធានីភ្នំពេញ ទៅកាន់ទឹកដីនៃខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងជនមានពិការភាពក្នុងមណ្ឌលនិងអង្គការដែលខ្វះខាត។
កញ្ញា កុយ អេនណា បានបង្ហោះវីដេអូឃ្លីបមួយ ប្រកាសពីចំនួនទឹកប្រាក់សរុបដែលទទួលបានពីសប្បុរសជន ក្រោយបញ្ចប់បេសកម្មធ្វើដំំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍”ផ្សារភ្ជាប់ក្តីសង្ឃឹមដើម្បីកុមារ ឬជនពិការនៅកម្ពុជា និងផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេស ក្រោមម្លប់សន្តិភាព គឺទទួលបានថវិកាសរុប ១២៤,៦១៦មុឺនដុល្លារ។
ក្នុងពិធីសូមស្វាគមន៍សំណេះសំណាល និងចុះសួរសុខទុក្ខដល់ជនមានពិការភាពភ្នែក និងកាយសម្បទា នៅសមាគមតន្ត្រីសំនៀងជនពិការ ក្រោមប្រធានបទ «ដើរដើម្បីផ្តល់ក្តីសង្ឃឹមដល់កុមារ និងជនមានពិការភាពកម្ពុជា» ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជនពិការ កញ្ញា កុយ អេនណា បានបង្ហាញអារម្មណ៍រំភើបនឹកស្មានមិនដល់ដែលក្នុងបេសកកម្មលើកដំបូងទទួលបានថវិកាច្រើនលើសពីការរំពឹងទុក និងទទួលបានការគាំទ្រស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាពលរដ្ឋខ្មែរនៅតាមដងផ្លូវ បន្ថែមពីនេះ កញ្ញា កុយ អេនណា បានរៀបរាប់ពីកត្តាដែលជម្រុញទឹកចិត្តឲ្យកញ្ញាធ្វើបេសកម្មនេះឡើង គឺដើម្បីបំពេញក្ដីស្រម៉ៃខ្លួនឯង និងទទួលយកបទពិសោធន៍ថ្មី ពិសេសគឺដោយសារតែការមើលឃើញពីមានភាពតស៊ូរបស់ជនពិការភាព ត្បិតមានពិការភាពក៏ពិតមែន តែកុយ អេនណា ពិតជាកោតសរសើរនូវសមត្ថភាពរបស់គាត់ ដែលនេះជាកត្តាជម្រុញទឹកចិត្តឲ្យតារាស្រីរូបនេះហ៊ានធ្វើបេសកម្មឡើង ដើម្បីកៀរគរថវិកាជួយដល់ពួកគាត់។
កញ្ញាកុយ អេនណា បានមើលឃើញថា ” ជនពិការមានការខ្វះខាតច្រើនមែនទែន ហើយពុកម៉ែបងប្អូនមួយចំនួនពួកគាត់បានដឹងឮ ប៉ុន្តែពួកគាត់បាត់បង់នូវការយកចិត្តទុកដាក់ចំពោះជនពិការ ដូចគ្នានេះហើយទើបខ្ញុំយល់ឃើញថាជនពិការគាត់គឺជាមនុស្សដូចគ្នា មានបេះដូងមានអារម្មណ៍ ពួកគាត់ត្រូវការការស្រឡាញ់ពីពុកម៉ែបងប្អូន ទើបបានជាខ្ញុំបង្កើតនូវយុទ្ធនាការដើរដោយក្តីសង្ឃឹមដើរដើម្បីទេសចរណ៍បូករួមក្នុងការជួយទៅដល់ជនពិការផងដែរ ក្នុងការប្រមូលនូវមូលនិធិទាំងអស់ជួយជួយដល់ពួកគាត់ ហើយមូលនិធិចំនួនជាង 12 ម៉ឺនដុល្លារនេះ ពិតជាច្រើនលើសលប់ ហើយនាងខ្ញុំនឹងធ្វើឲ្យបានច្រើនឲ្យបានទូលំទូលាយនៅក្នុងប្រទេសយើងតែម្ដង”។
កញ្ញា បានថ្លែងបន្តទៀតថា “អញ្ចឹងយើងមិនប្រកាន់ទេ នៅពេលដែលយើងបានជួបនូវជនពិការ ឬក៏ប្អូនៗដែលជាកុមារដែលមានការខ្វះខាត នាងខ្ញុំនឹងប្រគល់ថវិកាមួយផ្នែក ជូនទៅដល់ពួកគាត់តែម្ដង។ កញ្ញាក៏បានសំណូមពរទៅដល់យុវជនយុវតីសម័យថ្មីសម័យអ៊ីនធឺណិតឆ្នាំ 2025 នេះតែម្ដង សូមបញ្ឈប់ការរើសអើងចំពោះបងប្អូនដែលជាជនមានពិការភាព គឺមានតែយើងខ្លួនឯងទេ ត្រូវតែបញ្ឈប់ការរើសអើងមាក់ងាយចំពោះជនពិការ”។
កម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពក៏ដូចជាក្តីស្រឡាញ់ចំពោះប្រជាជនដែលមានបេះដូងស្មោះស ចេះចែករំលែកនិងមិនប្រកាន់ពូជសាសន៍ផងដែរ។ហើយនៅក្នុងថ្ងៃនេះជាថ្ងៃដែលនាងខ្ញុំទើបតែចាប់ផ្ដើមបំពេញនូវបេសកកម្មតបស្នងដល់សង្គមជាតិហើយយើងនឹងយកថវិការបស់សប្បុរសជនទាំងអស់ដែលបានចូលរួមជួយនិងចែករំលែកជួយជាបន្តបន្ទាប់ដល់កុមារនិងជនមានពិការភាព ដែលកំពុងខ្វះខាតនៅក្នុងប្រទេសកម្ពុជាផងដែរ។តាមរយៈយុទ្ធនាការមួយនេះ នាងខ្ញុំសូមអំពាវនាវដល់យុវជនយុវវ័យបញ្ឈប់ការរើសអើងជនមានពិការភាព អ្នកត្រូវចងចាំថា ជនពិការក៏ជាពលរដ្ឋស្របច្បាប់។
ឯកឧត្តមចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុវជនយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយមានការអនុញ្ញាតពីឯកឧត្តមជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ចអតីតយុវជនយុវនីតិសម្បទា បានអនុញ្ញាតឱ្យខ្ញុំបាទដែលជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដើម្បីទទួលស្វាគមន៍វត្តមានកញ្ញាកុយ អេនណា ដែលបានព្យាយាមលះបង់ពេលវេលាទៅយប់ទាំងថ្ងៃជួបនឹងរដូវព្យុះភ្លៀង កញ្ញាបានដើរថ្មើជើងពីរាជធានីភ្នំពេញទៅខេត្តសៀមរាបចម្ងាយ 315 គីឡូក្នុងរយៈពេល 19 ថ្ងៃ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារនិងជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមចាប តូ បានលើកឡើងបន្តទៀតថា កញ្ញាបានរៃអង្គាសថវិកាពីសប្បុរសជនពីបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រាប់ជួយឧបត្ថម្ភគាំទ្រនៅតាមសមាគមនិងអង្គការមួយចំនួន នៅពេលខាងមុខនេះ។ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីជា សុមេធី បានចេញនូវលិខិតកោតសរសើរ ដល់កញ្ញាគុយ អេនណា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃផ្សព្វផ្សាយលើវិស័យពិការភាព ធ្វើយ៉ាងណាដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនមានការរើសអើងបងប្អូនជនមានពិការភាព ជាពិសេសផ្សព្វផ្សាយទៅដល់ពិភពលោកទាំងអស់ បានដឹងថា បងប្អូនជនមានពិការភាពក៏មានសមត្ថភាព ក៏មានគំនិតនូវការគិតក៏មាននៅឆន្ទៈនានា និងទទួលបាននូវឱកាសការងារផ្សេងៗ ពីប្រមុខរាជរដ្ឋាភិបាល និងពីអង្គការសង្គមស៊ីវិលផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងយ៉ាងដូច្នេះថា លោកជំទាវមានការស្ញើច និងកោតសសើរមែនទែន ចំពោះវីរភាពរបស់អេនណា។ ខ្លួនជាស្ត្រីមានរូបសម្បត្តិស្រស់ស្អាតដែលបានបង្កើតនូវគោលដៅមួយ នៅក្នុងការចូលរួមផ្ដល់នូវការលើកទឹកចិត្តដល់បងប្អូនជនមានពិការភាព ហើយជាពិសេសក៏ភ្ជាប់ជាមួយនឹងទេសចរណ៍និងវប្បធម៌ ដែលបានផ្សព្វផ្សាយនៅក្នុងប្រទេសរបស់យើង។ សកម្មភាពរបស់អេនណា គឺជាសក្តានុពលមួយនិងជាគោលដៅមួយរបស់ក្រសួងកិច្ចការនារីឲ្យស្ត្រីនិងក្មេងស្រី ធ្វើការតស៊ូដើម្បីក្លាយខ្លួនទៅជាថ្នាក់ដឹកនាំ និងជាបុគ្គលម្នាក់ដែលផ្ដល់ផលប្រយោជន៍ដល់សង្គម។
លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា សកម្មភាពរបស់អេនណា បានផ្ដល់ទៅជាគំរូដល់យុវជនយុវតីនៅក្នុងប្រទេសកម្ពុជាយើង ត្រូវរៀបចំខ្លួនថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីសង្គមជាតិរបស់យើង។ អេនណា បានបំបែកពីប្រធានបទរបស់គាត់ នោះគឺតូចទេ គឹប្រធានបទ ដើរផ្ដល់ក្តីសង្ឃឹមដល់កុមារនិងជនមានពិការភាព ប៉ុន្តែនៅពីក្រោយប្រធានបទរបស់គាត់នោះគឺមានប្រធានបទច្រើនណាស់។គឺគាត់បានផ្សព្វផ្សាយនិងលើកទឹកចិត្តពីបញ្ហាពីការភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង កាត់បន្ថយនូវការរើសអើង ហើយក៏ដូចជាជួយផ្សព្វផ្សាយទៅលើទេសចរណ៍វប្បធម៌។ អ្នកខ្លះពុំបានដឹងទេថាអ្វីទៅជាពិការភាព ហើយបើទោះបីជាមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ក៏នៅតែមានការរើសអើងចំពោះជនមានពិការភាពដែរ។ហើយចំពោះការដើររបស់អេនណា បានទៅជួបបងប្អូនជនពិការបានឱបថើបបង្ហាញនៅកីសង្ឃឹមមួយ ដោយពួកគាត់ដើម្បីកាត់បន្ថយនូវការរើសអើង អេនណាឱបជនពិការដោយកីស្រឡាញ់ជាទីបំផុត ហើយនេះជាគំរូមួយដែលបងប្អូនយើងត្រូវយកគំរូតាមគាត់ ជនពិការជាជនដែលងាយរងគ្រោះជាងគេដែលក្រីក្រភាគច្រើន ដែលត្រូវការលើកទឹកចិត្តពីយើងទាំងអស់គ្នា។
គួររំលឹកផងដែរថា កញ្ញា កុយ អេនណា បានសម្រេចគោលដៅដោយបានធ្វើដំណើរដោយថ្មើរជើងពីរាជធានីភ្នំពេញ ទៅដល់ខេត្តសៀមរាប ទឹកដីអង្គរ នៅវេលាម៉ោង៩យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ និងបញ្ចប់ការដើរនៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២២កញ្ញា ដោយប្រើរយៈពេលសរុប ១៩ថ្ងៃផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
























