តាកែវ ៖ ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉នជំនាញច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីនគរបាលគ្រប់រូបជាពិសេសនគរបាលចរាចរណ៍ផ្លូវគោក ត្រូវតែប្រកាន់ខ្ជប់ជាមួយនិងក្រមសីលធម៌អោយបានល្អ ពីព្រោះថា កន្លងមកមានសកម្មភាពដែលលិចចេញជារូបភាព បង្អាញនៅចំណុចអសកម្មដែលមន្ត្រីនគរបាលចរាចរណ៏របស់យើងមានការខុសឆ្គងនៅវិន័យ និងខ្វះក្រមសីលធម៌ ដូច្នេះដើម្បីជាការកែលម្អរាល់ចំណុចអសកម្មដែលកើតមាននេះ មន្ត្រីនគរបាលគ្រប់រូបត្រូវតែធ្វើការកែលម្អនៅចំណុចអសកម្មរបស់ខ្លួនចេញជាបន្ទាន់ ។
លោកស្នងការនគរបាលខេត្តតាកែវបានបន្តថា ៖ នគរបាលទាំងអស់កប្បីអស់លោកត្រូវស្វែងយល់អោយបានច្រើន អំពីលិខិត បទ ដ្ឋានគិតិយុត្តិ ទាំងឡាយ ក៏ដូចជាមុខជំនាញផ្សេងៗ ដែលពាក់ព័ន្ធលើមុខងាររបស់ខ្លួន ហើយនៅក្នុងថ្ងៃបើកវគ្គបំប៉នជំនាញច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺវាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះនគរបាលចរាចរណ៏ដែលត្រូវយកទៅអនុវត្តន៍ ។ ក្នុងវគ្គបំប៉ននេះដែរ គឺមានលំហាត់របៀបក្បាច់គុណ និងរបៀបវាយខ្នោះអោយបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ។
គួរបញ្ជាក់ផងដែរថា ក្នុងវគ្គបំប៉នជំនាញច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ គឺមានសិក្ខាកាមសរុបចំនួន ១៥០នាក់ ។
លោក ជាល ផល ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអោយដឹងថា ៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៨នេះ ក្នុងខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៍ ៨១លើក បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ មានចំនួន ៨៨លើក ថយចុះ ចំនួន ០៧លើក ស្មើនិង៧,៩% ។ បណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សចំនួន ៣៣៥នាក់ ស្រី ១៦៨នាក់ កើនឡើងជាងឆ្នាំមុន ចំនួន ១១៥នាក់ ខណៈដែលក្នុងឆ្នាំ២០១៧ មានមនុស្សរងគ្រោះថ្នាក់ចរាចរណ៏តែ ២២០នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន ៥៥នាក់ កើនឡើងជាងឆ្នាំ ២០១៧ ១៥នាក់ ដោយបណ្តាលអោយខូចខាតមធ្យោបាយសរុបចំនួន ១៦៦គ្រឿង លើ ១៦៧គ្រឿង ៕ ដោយ ៖ តាកែវ