ព្រះសីហនុ ៖ ក្រសួងធនធានទឹកនិងឧុនិយម បានប្រាប់ពីព័ត៌មានទាន់ហេតុការណ៍ថា: មកដល់ម៉ោង ១៤និង១៥ នាទី រសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងហូរហៀរពីលើផ្លូវជាតិលេខ ៤ ប្រវែងប្រមាណ ២០ ម៉ែត្រ ហើយ ។ ឯការធ្វើចរាចរឆ្លងកាត់ នៅដំណើរការជាធម្មតា ។
គិតត្រឹមវេលាម៉ោង ៤រសៀលថ្ងៃទី១៧ ខែកញ្ញានេះ ស្ថានភាពទឹកស្ទឹងសំរោងបាននៅតែបន្តហក់ឡើងកាន់តែខ្លាំង លើលីវ៉ូទឹកកម្ពស់ម៉ែត្រ ដែលធ្វើឲ្យទឹកបានហៀរ មកលិចលើថ្នល់ជាតិកម្ពស់៤តឹក និងមានមុខទឹកហូរកាត់ តាមបណ្ដោយផ្លូវជាតិប្រវែង១៦០ម៉ែត្រ។
កំលាំងអាវុធហត្ថមូលដ្ឋានស្រុកកំពង់សីលា និងកំលាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ បានឲ្យអះអាងថា បើពិនិត្យមើលតាមស្ថានភាពទឹកជាក់ស្តែង គឺទឹកនឹងនៅតែបន្តឡើងថែមទៀត ព្រោះ ភ្លៀងកំពុងធ្លាក់ជាបន្តបន្ទាប់។
បច្ចុប្បន្នកំលាំងអាវុធហត្ថ សហការជាមួយកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានកំពុងនឹងជួយសម្រួល សណ្តាប់និងបញ្ជៀស ការកកស្ទះចរាចរណ៍ នៅកន្លែងកើតហេតុដោយ និងការពារមិនឲ្យអ្នកបើកបរទៅមុខក្រែងលោ មានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានបញ្ជាក់ថា មកដល់ម៉ោងនេះ ការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រូវផ្អាក ទាំងស្រុង៕ ដោយ ៖ បញ្ញាស័ក្តិ