ខេត្តស្វាយរៀង ៖ ជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ដែលជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការក្រុងបាវិត ធ្វើការឃាត់ខ្លួន និងបញ្ជួនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បន្ទាប់ពីចុះបង្កាបទីតាំងជនសង្ស័យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជនជាតិវៀតណាម÷១.ឈ្មោះ ដូ វាំងវុិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ២.ឈ្មោះ ឡេ អាញ់ភូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត។
សមត្ថកិចបានដកហូតបានសម្ភារៈវត្ថតាងរួមមាន៖សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់៣,១៤៩.៣៣ក្រាម(៣គីឡូ១៤៩.៣៣ក្រាម) ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ២,២០៥.៥០ក្រាម ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៤១.០៣ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២.៨០ក្រាម រថយន្ត ០១គ្រឿង ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ ០៣គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនម០៣គ្រឿង គ្រាប់បែកដៃ ០១គ្រាប់ គ្រាប់កាំភ្លើងខ្លី ១៦គ្រាប់ ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។
បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់រួចរាល់ហើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី


