ភ្នំពេញ ៖ នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក។
ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ។
បន្ទាប់ពីជំនួប ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលជាឯកសារដ៏សំខាន់ និងជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក៕ រក្សាសិទ្ធដោយ៖សុទ្ធលី



