ភ្នំពេញ៖ឯកឧត្ដម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនិងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ(Chaktomuk Walk Street)។ គម្រោងនេះនឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណីនិងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។
នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមរវាង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ នារសៀលថ្ងៃទី២១តុលាឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ បានមានប្រសាសន៍ថា៖ រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីចង់បាន គឺធ្វើការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើន កាន់តែកើនឡើង ។ទន្ទឹមនិងកំណើននេះ ឯកឧត្ដម ក៏បានថ្លែងនូវការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការ
សម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ។ មកដល់ពេលនេះនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ីរហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឲ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀតនៅក្នុងតំបន់អាស៊ាន។
ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ នៅរាជធានីភ្នំពេញបានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឲ្យមានកម្មវិធីកំសាន្តយ៉ាងច្រើននៅលើផ្លូវស្មើជើងចតុមុខនេះ។ ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីយើងនឹងអាចដាក់ឲ្យមានផ្សារ រាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើជើងចតុមុខ ។ គម្រោងនេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។ ការបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង វានឹងអាចឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីនិងប្រជាពលរដ្ឋកម្ពុជាកាន់តែមានទំនាក់ទំនង ភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត។
ជាកិច្ចឆ្លើយតបនិងការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចផ្ដល់ជូនទៅឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឲ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street)
ដោយឯកឧត្ដម ស្នើឲ្យស្ថានទូត ឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឲ្យបានច្បាស់លាស់ដើម្បីឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឲ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖នៅផ្លូវថ្មើជើងចតុមុខ មានទីតាំងលក់សម្ភារៈប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឲ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ។
ឯកឧត្ដម ឃួង ស្រេងក៏បានថ្លែងនូវការអរគុណចំពោះស្ថានទូតឥណ្ឌូនេស៊ីផងដែរ ដែលមានគម្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខនេះ ដែលនេះជាការលើកទឹកចិត្ត ជាការផ្ដល់កម្លាំងចិត្តឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានផ្លូវថ្មើជើងចតុរមុខនេះ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
នាឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់កម្ពុជានិងឥណ្ឌូនេស៊ី មានទំនាក់ទំនង ការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេល៦៦ឆ្នាំហើយ។
ឥណ្ឌូនេស៊ីបានរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano)និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
បន្ថែមពីនេះ ឯកឧត្ដមឃួង ស្រេងក៏បានថ្លែងអំណរអរគុណយ៉ាងជាជ្រៅផងដែរ ចំពោះអនុព័ន្ធយោធារបស់ឥណ្ឌូណេស៊ី ដែលបានចុះត្រួតពិនិត្យបទឈប់បាញ់ រវាងកម្ពុជានិងថៃនៅព្រំដែនក្រោយពីការប៉ះទង្គិចគ្នាប្រាំថ្ងៃ ដែលបានធ្វើឲ្យ កាត់បន្ថយបាននូវការស្លាប់និងរបួសទាហានកម្ពុជានិងទាហានថៃ។ ឯកឧត្ដមអភិបាលក៏សូមអរគុណផងដែរចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលបានជួយ កម្ពុជាកន្លងមក។ ឯកឧត្ដមឃួង ស្រេង នូវបានស្នើឱ្យអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផ្ដល់ភាពយុត្តិធម៌ជូនកម្ពុជា។ កម្ពុជាឆ្អែតឆ្អន់ ចំពោះសង្គ្រាមហើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី








