បាត់ដំបង ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ៥៦ នាទី នៅចំណុចផ្សារតាឡន ក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបង្ក្រាបទប់ស្កាត់ ជនជាតិថៃ ចំនួន ០៥ នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ (ពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ) ជនជាតិថៃ ចំនួន ០៥ នាក់ មានឈ្មោះ ៖ ១-ឈ្មោះ សុថាធីម ប៊ុនសាំង (Sutatip Boonsawaeng) ភេទស្រី កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ មានទីលំនៅផ្ទះលេខ៧៩ ភូមិ១ ឃុំថាយឹម ស្រុកឈូកឆៃ ខេត្តនគររាជសីមា ប្រទេសថៃ។ ២-ឈ្មោះ ភីមវិផា កែវប៊ុនលឿង (Phimwipha keawBoonruang) ភេទស្រី កើតថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០០៩ មានទីលំនៅផ្ទះលេខ៤៦ ក្រុមទី៣ ឃុំហាខ្វាន ស្រុកវឌ្ឍនានុខន ខេត្តស្រះកែវ ប្រទេសថៃ។ ៣-ឈ្មោះ សោមសិទ្ធ សុកចំរើន (Somsith Sukchamroem) ភេទប្រុស កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៩៤ មានទីលំនៅ ស្រុកអាកាក់អំនួយ ខេត្ត សុគន្ធណាខន ប្រទេសថៃ ។ ៤-ឈ្មោះ ផាក់ឌីផាក់ផុង ជិនណារ៉ាត (Pakdeepattarapong Jinnawat) ភេទប្រុស កើតថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៩៣ មានទីលំនៅផ្ទះលេខ១២/១ ភូមិ៤ ឃុំបាំងសាក់ ស្រុកកាន់តាំង ខេត្តត្រេង ប្រទេសថៃ។ ៥-ឈ្មោះ កាន់ផាកប ថាន់ណាឡាត់កន្រ្ទប (kanpakop Tanalat) ភេទ ប្រុស កើតថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០៣ មានទីលំនៅផ្ទះ ភូមិលេខ១១ ឃុំ ផាន់សុខ ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទប់ស្កាត់ កម្លាំងសមត្ថកិច្ចបាននាំខ្លួន ជនជាតិថៃទាំង ០៥ នាក់ ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
តាមការសាកសួរ ជនជាតិថៃទាំង ០៥ នាក់ បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣ និង ៣០ នាទី ពួកគេពិតមានបំណងបម្រុងលួចឆ្លងដែនពី (ប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃវិញ) ដោយខុសច្បាប់ពិតប្រាកដមែន តាមភូមិសាស្រ្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយពួកគេបានមកធ្វើការនៅប្រទេសកម្ពុជាមួយរយះ ក្នុងនោះ ( ០៣នាក់ ធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ០២នាក់ទៀត ធ្វើការនៅ ក្រុងបាវិត ខេត្តស្វាយរៀង) ដោយការបម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញនោះ មានមេខ្យល់ជាជនជាតិថៃ (មិនស្គាល់ឈ្មោះ) និងមេខ្យល់ជនជាតិខ្មែរ មិនស្គាល់ឈ្មោះ ជាអ្នករៀបចំឲ្យពួកគេមក ដោយមេខ្យល់យកប្រាក់ថ្លៃជូនឆ្លងដែន និងថ្លៃជិះរថយន្ត ក្នុងម្នាក់ ៦.៥០០ បាត (ប្រាំមួយពាន់ប្រាំរយបាត) ទៅ ៧.៥០០ បាត (ប្រាំពីរពាន់ប្រាំរយបាត) ទៅដល់ក្នុងប្រទេសថៃ ។
បច្ចុប្បន្នជនជាតិថៃទាំង ០៥ នាក់ ខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានរៀបចំបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីបន្ត ៕រក្សាសិទ្ធដោយ៖សុទ្ធលី

