ភ្នំពេញ ៖ រាជរដ្ឋាភិបាលលុចសំបួ គ្រោងនឹងបើកការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ Istuin (Luxemburg Development Cooperation Agency-Lux-Development S.A.) នៅព្រះរាជាណាចក្រកម្ពុជា។
គម្រោងបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍នេះ ត្រូវបានផ្ដួចផ្ដើមឡើង ក្នុងឱកាសព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ Grand Duke Guillaume ដែលពេលនោះព្រះអង្គ ជារជ្ជទាយាទនៃប្រទេសលុចសំបួ និងបច្ចុប្បន្នជាព្រះមហាក្សត្រលុចសំបួ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង
ការអភិវឌ្ឍន៍នានា។
វត្តមាននៃការិយាល័យអភិវឌ្ឍន៍ខាងលើ ឆ្លុះបញ្ចាំងអំពីការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្ពស់មួយកម្រិតទៀត និងសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់កម្ពុជានិងលុចសំបួ ក្នុងការអភិវឌ្ឍភាពជាដៃគូឱ្យកាន់តែរឹងមាំនិងយូរអង្វែង។ ប្រទេសទាំងពីរ នឹងផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ រួមមានការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក ការអប់រំ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សុខភាពនិងការគាំពារសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីននិងសន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន។
ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ស្វាគមន៍នូវកិច្ចសហ ប្រតិបត្តិការដំណាក់កាលវិវត្តនៃទំនាក់ទំនងទ្វេភាគីជាវិជ្ជមានថ្មីនេះ និងត្រៀមខ្លួនរួចរាល់ក្នុងការជំរុញ កិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធិ ក្នុងគោលដៅធ្វើអោយដំណើរការនៃការបើកការិយាល័យទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសលួចសំបួ នៅព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់ សំដៅលើក កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





