Thursday, October 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ សង្ឃឹមថា ក្នុងអាណត្តិរបស់លោកស្រីអ្នកតំណាងថ្មី របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា នឹងបន្តគាំទ្រកាន់តែសកម្មចំពោះក្រសួងផែនការ ដើម្បីសម្រេចសមិទ្ធផល និងវឌ្ឍនភាពថ្មីៗបន្ថែមទៀត

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោកស្រី Kyung-nan Park អ្នកតំណាងថ្មី របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងផែនការ។

មានប្រសាសន៍ក្នុងជំនួប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងនូវការស្វាគមន៍និងអបអរសាទរចំពោះលោកស្រី Kyung-nan Park ដែលទើបត្រូវបានតែងតាំងជាអ្នកតំណាងថ្មី របស់កម្មវិធីស្បៀងអាហារពិភពលោក (World Food Program, WFP) ប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា WFP និងក្រសួងផែនការកន្លងមក មានកិច្ចសហការល្អស្អិតរមួតជាមួយគ្នា និងសម្រេចបានសមិទ្ធផលជាច្រើន ដូចជាការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ដែលជាកិច្ចអន្តរាគមន៍និងជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពស្ថានភាពអាហារូបត្ថម្ភ និងសុខភាពសាធារណៈដល់ក្រុមគោលដៅដែលមានហានិភ័យ ជាពិសេសកុមារ និងការសហការគាំទ្រដល់ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាពិសេសក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩, សហការជាមួយក្រសួងផែនការ និង GIZ ជួយក្នុងការអភិវឌ្ឍប្រព័ន្ធ IT និងកសាងសមត្ថភាពមន្ត្រីដល់នាយកដ្ឋានជំនាញ (IDPoor) និងថ្មីៗនេះ WFP ក៏បានផ្តល់កុំព្យូទ័រចំនួន ៦គ្រឿង ដល់ក្រសួងផែនការ ដើម្បីសម្រួលដល់ការចុះបញ្ជីគ្រួសារ ដែលរងផលប៉ះពាល់ជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា ក្រៅពីកិច្ចសហការខាងលើ WFP ក៏មានកិច្ចសហការជាច្រើនទៀតជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ រួមទាំងការកសាងនិងលើកកម្ពស់មន្ត្រីជំនាញផ្នែកប្រមូល ថែរក្សា និងវិភាគទិន្នន័យ ដែលទាក់ទងនឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ភាពក្រីក្រ និងភាពងាយរងគ្រោះ ដូចជា ការគាំទ្រនិងរួមចំណែកក្នុងការអភិវឌ្ឍនិងកសាងសមត្ថភាពជំនាញលើថ្នាលទិន្នន័យ CAMStat, ការបណ្តុះបណ្តាលនិងវិភាគទិន្នន័យសម្រាប់សូចនាករ CSDG/SDG និងសូចនាករដទៃទៀតពាក់ព័ន្ធនឹងស្បៀងអាហារ អាហារូបត្ថម្ភ ភាពក្រីក្រ និងភាពងាយរងគ្រោះ ដោយផ្អែកលើទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា (CSES) និងអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS)។

ក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈជំនួបលើដំបូងជាមួយលោកស្រី Kyung-nan Park អ្នកតំណាងថ្មី របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា នាឱកាសនេះ នឹងនាំមកនូវការពង្រឹងនិងពង្រីកកិច្ចសហការល្អប្រសើរឡើងថែមមួយកម្រិតទៀត រវាង WFP និងក្រសួងផែនការ និងសង្ឃឹមថា ក្នុងអាណត្តិរបស់លោកស្រីអ្នកតំណាងថ្មី របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា នឹងបន្តគាំទ្រកាន់តែសកម្មចំពោះក្រសួងផែនការ ដើម្បីសម្រេចសមិទ្ធផល និងវឌ្ឍនភាពថ្មីៗបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងកំណត់គោលដៅអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះមនុស្ស គឺជាអាទិភាពទី១​ ដែលរាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតីនាយករដ្ឋមន្ត្រី កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ហើយការងារលើកកម្ពស់អាហារូបត្ថម្ភនេះ ជាកិច្ចការមិនអាចខ្វះបានសម្រាប់ការលើកកម្ពស់សុខុមាលភាពកុមារ និងប្រជាជនកម្ពុជា។ មានប្រសាសន៍ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា ការបង្កើនការបញ្ចូលមីក្រូសារជាតិក្នុងចំនីអាហារ លើកកម្ពស់អាហារូបត្ថម្ភ ក៏ជាអភិក្រមនិងជាការគិតគូរជាអាទិភាពរបស់ក្រសួងផែនការផងដែរ ដើម្បីសម្របសម្រួល ជំរុញ និងបញ្ចូលក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា សំដៅធ្វើយ៉ាងណាឱ្យប្រជាជន ជាពិសេសកុមារកម្ពុជា តាមសាលារៀន ភូមិស្រុក ទទួលបានអាហារដែលមានជីវជាតិ វីតាមីនគ្រប់គ្រាន់ សម្រាប់ការធំលូតលាស់ល្អប្រសើរ ទាំងរូបរាងកាយ សុខភាព និងបញ្ញាស្មារតី។

លោកស្រី Kyung-nan Park តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា បានសម្តែងនូវអំណរគុណជាអនេកជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ក្នុងជំនួប លោកស្រី បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលលោកស្រីមកបំពេញការងារនៅកម្ពុជា ជាមួយបទពិសោធន៍ការងារជិត ២៧ឆ្នាំកន្លងមក ក្នុងក្របខ័ណ្ឌមនុស្សធម៌ លោកស្រី បានសម្តែងនូវជំនឿជឿជាក់ថា កិច្ចសហការរវាង WFP និងក្រសួងផែនការ នឹងកាន់តែរលូតនិងប្រសើរឡើងថែមមួយកម្រិតទៀត ហើយលោកស្រី នឹងខិតខំនាំយកបទពិសោធន៍ដែលបានអនុវត្តជោគជ័យកន្លងមកនៅបណ្តាលប្រទេសនានា មកកាន់កម្ពុជា សំដៅធ្វើយ៉ាងណារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើនការបញ្ចូលមីក្រូសារជាតិក្នុងចំនីអាហារ ដើម្បីសុខុមាលភាពប្រជាជន និងកុមារ។ ជាមួយគ្នានេះ លោកស្រី
បានសម្តែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារអាហារូបត្ថម្ភ និងតែងតែជំរុញពង្រឹងកិច្ចសហការរវាងក្រសួងផែនការ និង WFP កន្លងមក និងគោរពស្នើសុំអនុសាសន៍បន្ថែមពាក់ព័ន្ធការរៀបចំយុទ្ធសាស្ត្របង្កើនការបញ្ចូលមីក្រូសារជាតិ ក្នុងចំនីអាហារ និងការងារមួយចំនួនទៀតពាក់ព័ន្ធស្បៀងអាហារ អាហារូបត្ថម្ភ ភាពក្រីក្រ និងភាពងាយរងគ្រោះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចតាមរបៀបវារៈឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕រក្សាសិទ្ធដោយ៖សុទ្ធលី

×