Thursday, October 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការថែទាំគាំទ្រវិនិយោគ ដែលកំពុងមានប្រតិបត្តិការធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក ដោយមានការចូលរួមពី លោក Casey Barnet ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ឯកឧត្តម លោកជំទាវ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូបនាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ ។

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអាម៉េរិក សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។ កិច្ចសន្ទនានេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការថែទាំគាំទ្រវិនិយោគ ដែលកំពុងមានប្រតិបត្តិការធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីជាការពង្រឹងជំនឿចិត្តរបស់វិស័យឯកជន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអាម៉េរិក ដែលបានចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនអាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ពិសេស សហរដ្ឋអាម៉េរិកគឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជា។

តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចប្រជុំទាំង២លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើធុរកិច្ច ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពី គម្រោងនៃការដឹកនាំគណៈប្រតិភូកម្ពុជាចេញទៅបំពេញបេសកកម្មគោះទ្វារវិនិយោគ (Investment Roadshow) នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៤ នៃខែតុលា និងសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×