ភ្នំពេញ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានឃើញបណ្ដាញព័ត៌មានសង្គមមួយចំនួន ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងបានសរសេរអត្ថបទថា “មន្ត្រីកងរាជអាវុធហត្ថម្នាក់បានដើរផឹកស៊ីស្រវឹងរួចបាញ់បោះសេរីរហូតដល់មានដីកាចាប់ខ្លួនពីតុលាការ”។
លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា បុគ្គលរូបនេះ អតីតនាយទាហាននៃកងរាជអាវុធហត្ថខេត្តរតនគិរី ឈ្មោះ ហាក់ ឈុនហេង ឋានន្តរសក្តិនាយចំណង់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តរតនគិរី បានចេញសាលក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ “ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលប្រព្រឹត្តនៅចំណុចក្លឹមកំសាន្ត ពេជ្របៀតហ៊ោសន៍ ដែលស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
កងរាជអាវុធហត្ថក៏បានធ្វើរបាយការណ៍តាមឋានានុក្រម ស្នើសុំលុបឈ្មោះ ហាក់ ឈុនហេង ចេញពីបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
