ភ្នំពេញ ៖ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ី ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Tan Yew Kuan នាយកប្រតិបត្តិ Asia Pacific Top Excellence Brand Committee និងលោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ជូនផងដែរថា គណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ីនេះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យកម្មន្ដសាល, ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, ឧបករណ៍អគ្គិសនី និងមេកានិច, គ្រឿងម៉ាស៊ីនឆ្លាតវៃ, ការវេចខ្ចប់, ការផលិត និងកែច្នៃ ព្រមទាំងវិស័យអចលនទ្រព្យ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាសនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីច្បាប់ស្តីពីវិនិយោគ របបលើកទឹកចិត្តដែលប្រកបដោយភាពទាក់ទាញ សក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងគោលនយោបាយដើម្បីលើកកម្ពស់បរិស្ថានវិនិយោគនិងធុរកិច្ចនៅកម្ពុជា។
លោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការរងដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេលនេះ និងព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជាជូនគណៈប្រតិភូ។ លោក Gan Dehong ក៏បានមានការកត់សម្គាល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងរំហូរនៃការវិនិយោគបានចូលមកកម្ពុជាកាន់តែច្រើនឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជាតែងតែស្តាប់នូវមតិយោបល់របស់សហគមន៍វិនិយោគដើម្បីកែលម្អបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។ ស្របជាមួយនេះ លោកប្រធានគណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារប្រកបដោយវិជ្ជាជីវៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងថែទាំវិនិយោគ ហើយបានសន្យានឹងធ្វើការពាំនាំព័ត៌មានសំខាន់ៗដែលទទួលបាន និងទិដ្ឋភាពជាក់ស្តែងដែលបានឃើញដោយផ្ទាល់នាពេលនេះ ដើម្បីចែករម្លែកជាមួយសមាជិកនិងបណ្តាញធុរកិច្ចនិងវិនិយោគរបស់ខ្លួនដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី











