ប្រទេសម៉ាឡេស៊ី ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចពិគ្រោះយោបល់នេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដើម្បីសន្តិភាព និងដំណោះស្រាយយូរអង្វែងនៅមីយ៉ាន់ម៉ា។
ដើម្បីធានាថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែមានសារសំខាន់ និងមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះយន្តការដឹកនាំដោយអាស៊ាន និងការខិតខំប្រឹងប្រែងនានា ដែលចូលរួមជំរុញសន្តិភាព វិបុលភាព និងធ្វើអោយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពវិញ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី យូតាម៉ ហាជីមហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្ដីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរដល់ការដឹកនាំប្រកបដោយសមត្ថភាព និងបុរេសកម្ម របស់ម៉ាឡេស៊ី ក្រោមប្រមុខឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងការសម្របសម្រួល កិច្ចសន្ទនាប្រកបដោយបរិយាបន្ន ការជំរុញឱ្យបញ្ឈប់អំពើហិង្សា និងការលើកកម្ពស់ការផ្តល់ជំនួយ មនុស្សធម៌ ជាពិសេសនៅបន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយ កាលពីដើមឆ្នាំនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានលើការជំរុញការអនុវត្ត 5PC និងជួយមីយ៉ាន់ម៉ាក្នុង ការដោះស្រាយវិបត្តិរបស់ខ្លួនតាមរយៈដំណើរការនយោបាយដែលដឹកនាំ និងគ្រប់គ្រងដោយមីយ៉ាន់ម៉ា
ខ្លួនឯង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃយន្តការត្រីភាគីអាស៊ាន និងត្រីភាគីក្នុងទម្រង់ពង្រីក ក៏ដូចជាសំណើប្រកបដោយភាពច្នៃប្រឌិតផ្សេងៗទៀត ដើម្បីធានាឱ្យបាន នូវវឌ្ឍនភាព ការលើកកម្ពស់សង្គតិភាព និងភាពស៊ីសង្វាក់គ្នា ព្រមទាំងរក្សាបាននូវសន្ទុះជាវិជ្ជមាន។
បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី យូតាម៉ា ហាជីមហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម៉ាឡេស៊ី ដែលបានផ្ដល់ការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងឥតសំចៃ ក្នុងការជួយកម្ពុជានិងថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះជោគជ័យរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះ។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយបានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី ក្នុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី៕ រក្សាសិទ្ធដោយ៖សុទ្ធលី









