ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាស្ថាពរ ដែលបានផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី បទឈប់បាញ់មួយក៏បានចូលជាធរមាន ការពិភាក្សានិងការរៀបចំផែនការអនុវត្តជាច្រើនត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព ជាកិច្ចព្រមព្រៀងជាផ្លូវការ និងទូលំទូលាយជាងកិច្ចព្រមព្រៀងឈប់បាញ់ មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ រួមមានការពិភាក្សាអំពី៖ ការដាក់អាវុធចុះ និងស្ដារទំនាក់ទំនងសង្គម សិទ្ធិមនុស្ស ឆ្ពោះទៅរកសុខដុមនិងទំនាក់ទំនងល្អឡើងវិញ។
កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា និងការជួយសម្របសម្រួលដោយបណ្តារប្រទេសជាមិត្ត បានពូនជ្រំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃនេះ។ នេះហើយជាតម្លៃសន្តិភាព នេះហើយអ្វីដែលកម្ពុជាតែងតែឱ្យតម្លៃជាទីបំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី



