គូឡាឡាំពួរ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា ប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន២ ដែលបានធ្វើឡើងនៅអំឡុងពេលនៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ក្នុងនោះរួមមាន៖
១. «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» ត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក រួមជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន ២០២៥ អញ្ជើញចុះហត្ថលេខាជាសាក្សី។
២. «កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក» ត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ក្នុងនាមជាប្រជាពលរដ្ឋ និងជាអ្នកគាំទ្រសន្តិភាព យើងខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះចំណាត់ការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក ក៏ដូចជា ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន ២០២៥ ដែលបានផ្តល់ការគាំទ្រ សម្របសម្រួល និងអញ្ជើញធ្វើជាសាក្សីដ៏ថ្លៃថ្លា ក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើ កិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នាឱកាសនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះជោគជ័យលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក គឺកើតចេញពីទស្សនវិស័យឈ្លាសវៃ និងការដឹកនាំដ៏មុតស្រួចរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលតាំងពីដើមរៀងមក សម្ដេច បានប្ដេជ្ញាចិត្តយ៉ាងជាក់ច្បាស់ក្នុងការលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ដោយបានផ្ដួចផ្ដើមនិងចង្អុលបង្ហាញឱ្យមានការបើកកិច្ចចរចាពាណិជ្ជកម្មដោយផ្ទាល់ជាមួយភាគីអាម៉េរិកភ្លាមៗ រហូតសម្រេចបានការទម្លាក់អត្រាពន្ធបដិការលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម ១៩% ពីសហរដ្ឋអាម៉េរិក និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងថ្ងៃនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















