Sunday, October 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជលផលចុះស្រាវជ្រាវរកមេឈ្មួញទិញកូនត្រីនុយតែមិនមានឃើញតែពលរដ្ឋទិញត្រីធ្វើប្រហុក ផ្អក

ខេត្តកំពង់ចាម: ក្នុងរដូវវស្សាទឹកទន្លេឆ្នាំនេះបានហូរចូលបឹងបួរនានាជាប់ដងទន្លេមេគង្គ ដោយក្នុងនោះបានហូរចូលបឹងជ្រោយក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ដែលមើលទៅឃើញផ្ទៃទឹកល្ហល្ហាចនិងមានព្រៃលិចទឹកដែលជាជម្រកត្រីពងដ៏សំខាន់ ធ្វើឱ្យត្រីពងកូនកាន់តែសម្បូរបែប។ជាមួយនោះក្នុងរដូវបើកនេសាទបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះបាននាំគ្នាជិះទូកចេញទៅនេសាទរាយមងព្រមទាំងប្រើឧបករណ៍ផ្សេងទៀតស្របច្បាប់ ដើម្បីចាប់យកត្រីលក់ដោះស្រាយជីវភាពគ្រួសារ។

លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្តីទី បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៦តុលាថា: ក្នុងរយៈពេលកន្លងទៅថ្មីៗមានបណ្ដាញសង្គមមួយចំនួនបានធ្វើការផ្សព្វផ្សាយថានៅចំណុចបឹងជ្រោយក្នុងស្រុកជើងព្រៃ គឺមានឈ្មួញធំចាំប្រមូលទិញកូនត្រីសម្រាប់ធ្វើនុយឱ្យត្រីឆ្ដោរស៊ី ដែលបានត្រូវគេចិញ្ចឹមតាមស្រះនានានៅតំបន់នេះតំបន់នោះ។ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងជំនាញជលផលខេត្តបានចុះធ្វើការត្រួតពិនិត្យជាបន្ទាន់នាព្រឹកថ្ងៃទី
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តែលទ្ធផលមិនឃើញមានសកម្មភាពទិញលក់នុយត្រីតូចៗនោះទេគឺមានតែបងប្អូនប្រជាពលរដ្ឋរងចាំទិញត្រីធំៗដែលនេសាទបានសម្រាប់យកមកលក់នៅឯផ្សារតែប៉ុណ្ណោះ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ដីទីរូបនេះបានបន្តឲ្យដឹងទៀតថាដោយមានការណែនាំពីសំណាក់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ខណ្ឌរដ្ឋបាល ជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះទៅពិនិត្យទីតាំង និងស្រាវជ្រាវរកព័ត៌មានដល់កន្លែងកើតហេតុ នៅចំណុចកំពង់ទូកបឹងជ្រោយ ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម គឺករណីមានការចុះផ្សាយតាមបណ្ដាញសង្គម ដែលបានផ្សាយកាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ថាមានបទល្មើស នេសាទកាន់តែគគ្រឹកគគ្រេងនៅក្នុងបឹងជ្រោយ ព្រោះមានមេឈ្មួញដ៏ធំចាំប្រមូលទិញកូនត្រីយកធ្វើត្រី នុយឲ្យត្រីចិញ្ចឹមស៊ីក្នុងមួយថ្ងៃៗរាប់តោន។ ក្រោយពីការចុះស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖
១. តំបន់បឹងជ្រោយសម្បូរការនេសាទជាលក្ខណៈទ្រង់ទ្រាយតូចៗ ហើយក៏គ្មានឈ្មួញធំៗចុះចាំទិញកូន ត្រីយកធ្វើត្រីនុយដែរ គឺមានតែអាជីវករក្នុងស្រុក មករង់ចាំទិញយកទៅលក់នៅតាមទីផ្សារ ឬយកទៅធ្វើប្រហុក ផ្អក ម៊ាំ ទឹកត្រី សម្រាប់ដោះស្រាយជីវភាពនៅក្នុងរដូវប្រាំង។
២. ប្រភេទឧបករណ៍នេសាទដែលប្រជានេសាទធ្វើអាជីវកម្មតាមទម្លាប់របស់ពួកគាត់រួមមាន៖ មង សន្ទូច ថ្នង លប រ៉ាវ សំណាញ់ និងឧបករណ៍ស្របច្បាប់ផ្សេងៗទៀត។ ចំណែកឧបករណ៍ល្មើសច្បាប់ដូចជា ស្បៃមុង របាំង ផ្ចិតព្រែក ឧបករណ៍ឆក់ត្រីជាដើម ត្រូវបានសមត្ថកិច្ចរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាប ជាប្រចាំ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានជនខិលខូចលបលួចប្រព្រឹត្ត ជាពិសេសនៅតំបន់ឆ្ងាយៗ ដែលសមត្ថកិច្ចពិបាកទៅដល់។គួររំលឹកថាក្នុងរដូវបិទនេសាទនៅបឹងជ្រោយនេះកម្លាំងជលផលធ្លាប់សហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសនេសាទដោយខុសច្បាប់បានរហូតទៅដល់៥ទៅ៦លើក ធ្វើឲ្យក្រុមជនខិលខូចស្ទើរតែរាងចោលអស់ទៅហើយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×