Sunday, October 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ានលើកទី៣០ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី៣៧ និងកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបទស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី៣០ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៧ … និងកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

១. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
កិច្ចប្រជុំបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តពង្រឹងការកសាងសហគមន៍អាស៊ានឆ្ពោះទៅកាន់
ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលបានអនុម័តកាលពីដើមឆ្នាំនេះ ហើយ(TAC)
បានពិភាក្សាអំពីវឌ្ឍន៍នៃការអនុវត្តសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងបានរំលឹកអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានក្នុងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ កិច្ចប្រជុំបានពិភាក្សាអំពីការតាមដានលើការវាយតម្លៃនិងសេចក្តីសម្រេចចិត្តរបស់ប្រមុខដឹកនាំ
អាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងបានបញ្ជាក់ថា 5PC នៅត ជាឯកសារគោលរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
កិច្ចប្រជុំបានស្វាគមន៍ការចូលរួមជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ នៅពេល ដែលទីម័រឡេស្តេបានតម្កល់លិខិតុបករណ៍ចូលជាភាគីនៃធម្មនុញ្ញអាស៊ាន និងលិខិតុបករណ៍ចូលជា ភាគីនៃសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ហើយកិច្ចប្រជុំក៏បាន អនុម័តអនុសាសន៍ស្តីពីការស្ដារឡើងវិញវេទិកាតំបន់អាស៊ាន (ARF)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផល ដែលសម្រេចបានក្រោមភាពជា ប្រធានអាស៊ានរបស់ម៉ាឡេស៊ី គឺជាការឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមក្នុងការកសាងសហគមន៍អាស៊ាន ឱ្យកាន់តែស៊ីសង្វាក់គ្នា មានភាពធន់ និងផ្ដោតលើប្រជាជនជាស្នូល ហើយបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវអាស៊ានដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតនិងប្រកបដោយចីរភាព
គឺអាស្រ័យលើ ការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការដំណោះស្រាយជម្លោះ ប្រកបដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥០ នៃ TAC នៅឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្តី បានសង្កត់ធ្ងន់ថា សន្ធិសញ្ញានេះនៅតែជាក្របខ័ណ្ឌដ៏រឹងមាំ ដែលជួយលើកកម្ពស់បរិយាបន្ន ភាពជឿជាក់ និងភាពជាដៃគូ ហើយបានបញ្ជាក់ជាថ្មីអំពីការគាំទ្រតួគីយ៉េក្លាយជាដៃគូសន្ទនារបស់ អាស៊ាន និងបានផ្ដោតសារៈសំខាន់ទៅលើការពង្រីកទំនាក់ទំនងជាមួយដៃគូដែលមានសក្តានុពល ថ្មីៗ ក្នុងបរិបទដែលភូមិសាស្ត្រពិភពលោកកំពុងវិវឌ្ឍ និងអាស៊ានកំពុងតែបន្តលូតលាស់ជាសហគមន៍ ដ៏ស្វាហាប់។

២. កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី៣០
កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ត និងបានឯកភាពលើរបាយការណ៍ពិនិត្យ
ឡើងវិញបញ្ចប់អាណត្តិនៃផែនការលម្អិតនៃសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ហើយ បានការប្ដេជ្ញាចិត្តក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០៤៥ ឱ្យបានពេញលេញ់ និងពង្រឹងការអនុវត្តរបស់ខ្លួនដោយផ្អែកលើអនុសាសន៍នៃរបាយការណ៍បញ្ចប់អាណត្តិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាប់ថា ការបញ្ចប់ផែនការលម្អិតស្តីពីសហគមន៍ នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ជាសញ្ញាសំខាន់ដែលបញ្ជាក់ពីការផ្លាស់ប្តូរទៅរកចក្ខុវិស័យ អាស៊ានឆ្នាំ២០៤៥ ដែលផ្អែកលើភាពធន់ នវានុវត្តន៍ ភាពស្វាហាប់ និងអភិក្រមដែលផ្ដោតលើប្រជាជន ជាស្នូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់លើសារៈសំខាន់នៃការប្រើប្រាស់សិទ្ធិក្នុងការកោះ ប្រជុំរបស់អាស៊ាន ដើម្បីជំរុញកិច្ចសន្ទនា ការបង្ការតាមរយៈវិធីសាស្រ្តការទូត និងទំនាក់ទំនង ប្រកបដោយស្ថាបនា តាមរយៈយន្តការដឹកនាំដោយអាស៊ាន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញារបស់កម្ពុជា ចំពោះការពង្រឹង កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងការជំរុញរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ ភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ និងបានកោតសរសើរភាពដឹកនាំ របស់ម៉ាឡេស៊ីក្នុងការលើកកម្ពស់តួនាទីដ៏សំខាន់របស់ស្ត្រីក្នុងយន្តការសន្តិភាព និងសន្តិសុខ ដែល បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីជាអ្នករួមចំណែកដ៏សំខាន់ចំពោះសន្តិភាព និងភាពធន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×