ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា កម្ពុជា មិនប្រែប្រួល គឺនៅតែបន្តថែរក្សាមិត្តចាស់ និងបង្កើតមិត្តថ្មី ដោយមិនយកប្រទេសណាមួយជាសត្រូវឡើយ នៅក្នុងកិច្ចប្រជុំប្រចាំខែតុលារបស់ខុទ្ទកាល័យ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
ឯកឧត្តមបណ្ឌិត បានលើកឡើងពីការចុះសេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមសក្ខីភាព ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាកិច្ចព្រមព្រៀងសន្តិភាព លើកដំបូងជាប្រវត្តិសាស្រ្តសម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបណ្ឌិត ក៏បានរំលឹកផងដែរថា ទោះបីជាស្ថានភាពប្រែប្រួលយ៉ាងណាទៅថ្ងៃអនាគត សមាជិកខុទ្ទកាល័យ ត្រូវតែបន្តជំរុញសកម្មភាពគាំទ្រផលិតផលខ្មែរ និងផលិតកម្មក្នុងស្រុកតាមរយៈ ការសហការ ការពន្យល់លើកទឹកចិត្តបងប្អូន មិត្តភក្តិ និងជាពិសេសយុវជន និងសិស្សនិស្សិតតាមសាលារៀន និង សាកលវិទ្យាល័យនានា។
កិច្ចប្រជុំបានកំណត់ទិសដៅការងារសម្រាប់ខែបន្តបន្ទាប់ទៀត និងជាពិសេសសម្រាប់ឆ្នាំ២០២៦ ដូចជា៖
១. ជំរុញឱ្យបន្តសិក្សាស្រាវជ្រាវគោលនយោបាយ ដែលអាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្ដមប្រយោជន៍របស់ប្រជាជន
២. គំនិតផ្តួចផ្តើម ជំរុញសកម្មភាព ពាក់ព័ន្ធទៅនឹង សមត្ថភាព សុខភាព និងជីវភាពប្រជាជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី








