ម៉ុងត្រេអាល់៖ ៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារតុមូលជាមួយបណ្តាស្ថាប័នធុរកិច្ចធំៗរបស់កាណាដា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Samuel Poulin រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសហគ្រាសធុនតូច និងមធ្យម(SMEs) និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការយុវជន នៃរដ្ឋបាលខេត្តគេប៊ិច ប្រទេសកាណាដា។
ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តគេប៊ិច លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដែលកម្ពុជាមានសក្តានុពល និងគេប៊ិចមានជំនាញឯកទេស។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានជម្រាបអំពី ច្បាប់វិនិយោគថ្មីរបស់កម្ពុជា និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់ការទាក់ទាញវិនិយោគប្រកបដោយគុណភាព។ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមអំពីសក្តានុពលនៃវិស័យសំខាន់ៗដែលរំពឹងថានឹងមាន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា។ ឯកឧត្តម ក៏បានលើកឡើងអំពីករណីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ “កិច្ចប្រជុំសហគ្រិននិយាយភាសាបារាំង លើកទី ៦ (6th Edition of the Francophonie Entrepreneur Meeting – REF)” ក្នុងឆ្នាំ២០២៦ ខាងមុខ និងគម្រោងក្នុងការរៀបចំឱ្យមានជំនួបពិភាក្សាការងារអំពីកិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជារបៀបវារៈភ្ជាប់ នៅក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Samuel Poulin បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់កម្ពុជា និងបានបង្ហាញពីឆន្ទៈក្នុងការពិនិត្យលទ្ធភាពនៃការ បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និង ជំរុញការវិនិយោគដែលមានសក្តានុពលនៅក្នុងខេត្តគេប៊ិច មកកាន់ប្រទេសកម្ពូជាបន្ថែមទៀត។ ឯកឧត្តម ក៏បានរំលេចដែរថា ខេត្តគេប៊ិច ជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងវិស័បច្ចេកវិទ្យា អាកាសយានិក និង SMEs ដែលរំពឹងថានឹងមានការចាប់ដៃសហការ ក៏ដូចជាចែករំលែកបទពិសោធន៍ពាក់ព័ន្ធនានាជាមួយកម្ពុជា នាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី












