បុរសវ័យចំណាស់ម្នាក់ចេញមកពីហូបការគេ ប៉ុន្តែ ស៊យត្រូវប៉ូលីសធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រូវបានស៊ើបអង្កេតពិនិត្យឃើញថា គាត់កំពុងតែបើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយគួរឲ្យព្រួយបារម្ភ ។ ប៉ុន្តែ ការឃាត់ខ្លួនត្រួតពិនិត្យវាស់ទំហំនៃការប្រើប្រាស់សារជាតិគ្រឿងស្រវឹងរបស់គាត់ បានប្រែជារឿងកំប្លែងកូរឡើងវ៉ល់តែម្តង ដែលធ្វើឲ្យសមត្ថកិច្ចហួសចិត្ត និងគួរឲ្យអស់សំណើចជាខ្លាំង តាំងពីចាប់ផ្តើមចុះពីរថយន្ត Lexus រហូតដល់ពេលត្រួតពិនិត្យ ។
តាមរយៈវីដេអូចែករំលែកដោយគណនីហ្វេសប៊ុកឈ្មោះ Peng Ngoun Lim បានបង្ហាញឲ្យឃើញថា បុរសរូបនោះបាននិយាយទៅកាន់ប៉ូលីសប្រៀបបីដូចជា «កូនចៅ» របស់គាត់ថា៖ «អាណាការ អត់ឲ្យផឹកគ្រឿងស្រវឹង ឆ្កួតចប់ហើយអ្ហា! ដល់ពេលការកូនហែង… បាច់ផឹកគ្រឿងស្រវឹងទេអ្ហា!» ។ ហើយមុនពេលចុះពីរថយន្ត គាត់ក៏បានស្តីឲ្យប៉ូលីសថា៖ «មិនបាច់គោរព ប្រកាច់យអីទេ អាគោរពហ្នឹង គ្រាន់តែជាកាយវិការប៉ុណ្ណោះ អាកាយវិការហ្នឹង អាញ់ដឹងអស់ហើយ អាញ់ចេះតាំងពីឆ្នាំ៧៩ហ្មេស!» ។
ខណៈពេលដើរចូលដល់កន្លែងត្រួតពិនិត្យតេស្តវាស់ទំហំគ្រឿងស្រវឹង គាត់ក៏បាននិយាយម៉ៅរ៉ាត់ឲ្យប៉ូលីសយ៉ាងកប់ៗគួរឲ្យអស់សំណើចថា៖ «អាប្រកាច់យ មានពួកអាណាអត់ចេះផឹកទេអ្ហា ពួកអាទាំងអស់ហ្នឹង ផឹកតែទាំងអស់ហ្នឹង អាប្រកាច់យ ធើឯងគ្រាន់បើ! អាណាស៊ីការ ច្បាប់កុំឲ្យការពេលយប់ទៅ ការពេលថ្ងៃទៅ…. !!» ។
ទោះយ៉ាងណា អ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើរណែតទប់សំណើចពុំបានទៀតនោះ គឺត្រង់ថា បុរសរូបនោះគាត់ហាក់ដូចជាស្រវឹងចេះ ដែលប្រហែលជាគាត់អាចដឹងវិធីចូល«ស៊ង»ប៉ូលីស ហើយធ្វើជាពុំចេះផ្លុំ ព្រោះថា ទោះបីគាត់ខំប្រឹងផ្លុំតាមការណែនាំរបស់ប៉ូលីសយ៉ាងណា ក៏ឧបករណ៍តេស្តគ្រឿងស្រវឹងពុំអាចធ្វើបានជោគជ័យនោះទេ ដែលជាហេតុ ធ្វើឲ្យប៉ូលីសទាល់តម្រិះតែម្តង ។
តែយ៉ាងណាក៏ដោយ យើងពុំដឹងថា គាត់អាចរួចផុតពីការផាកពិន័យរបស់សមត្ថកិច្ច ឬ យ៉ាងណានោះទេ ៕ ឧត្តម