ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែងថាៈនៅអាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍន៏៏ប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញវិនិយោគ រោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមាននៅខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត។
ការថ្លែងបែបនេះក្នុងឱកាសដែលលោកជំទាវដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន នគរបាល កងរាជាវុធហត្ថ យោធានៅស្រុកស្វាយទាបខេត្តស្វាយរៀង ។
ថ្លែងក្នុងឱកាសនោះលោកស្រីក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។
លោកស្រីបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី ៖ ទី១. ការចូលរួមរបស់បងប្អូនទាំងអស់គ្នា ។ ទី២. គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ទី៣. អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។
រដ្ឋាភិបាលនៅអាណត្តិទី៦និងបន្តអភិវឌ្ឍផ្តោតសំខាន់ទៅលើវិស័យ៤គឺទឹក ភ្លើង ផ្លូវ និងធនធានមនុស្សដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសអោយរីកចម្រើន។
លោកស្រីក៏បានសូមសំណូមពរឲ្យកម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវសកម្មភាពបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។
លោកស្រី ម៉ែន សំអន ក៏បានឧបត្ថម្ភដល់កងកម្លាំងក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលនិងផ្តល់ជូនថវិកាដល់អធិការដ្ឋាននគរបាលស្រុកស្វាយទាបនិងយោធាដែលកំពុុងសាងសង់អាគារស្នាក់នៅនូវថវិកាមួយចំនួន ផ្តល់ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រមួយកំប្លេរផងដែរ៕ ដោយ ៖ វ៉ៃកូ