ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ បាននិងកំពុងអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) ដែលជាកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាផ្សារភ្ជាប់ការអប់រំនិងបំណិនជីវិត សម្រាប់លើកកម្ពស់ការអប់រំបែបឌីជីថលគាំទ្រដល់អាទិភាពនៃកំណែទម្រង់របស់ក្រសួងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ នៃឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្ត និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្ទែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ បានប្រែក្លាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យាឱ្យទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតនិងនវានុវត្តន៍ លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់សម្រាប់ការបរិវត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ។
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល បានធ្វើការពង្រីកការអនុវត្តកម្មវិធីទៅកាន់សាលារៀនគោលដៅទូទាំងប្រទេស ដោយបានរៀបចំជាសិក្ខាសាលាណែនាំនិងតម្រង់ទិសជូនតំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងគណៈគ្រប់គ្រងសាលារៀន ដើម្បីសម្របសម្រួល និងចូលរួមគាំទ្រដំណើរអនុវត្តកម្មវិធី។ លើសពីនេះផងដែរ គ្រូដឹកនាំមកពីសាលារៀនទាំងនោះសរុបចំនួន ១៣៨នាក់ ស្រី ១១នាក់ ក៏បានទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសលើវិធីសាស្ត្រនៃការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម ដែលមានលក្ខណៈចម្រុះដោយគ្រូដឹកនាំត្រូវរៀនតាមអនឡាញនៅលើថ្នាលអភិវឌ្ឍសមត្ថភាពរបស់ក្រសួង (CDP) និងការរៀនដោយផ្ទាល់ពីគ្រូបង្គោលថ្នាក់ជាតិរបស់ក្រសួង។
គ្រូដឹកនាំទាំងអស់ប្រចាំសាលារៀននីមួយៗ ទទួលបានវិធីសាស្ត្របង្រៀនឌីជីថលបែបអន្តរកម្មថ្មី ដែលកាន់តែទាក់ទាញ ដើម្បីបន្តយកទៅដឹកនាំឱ្យសិស្សទទួលបានការសិក្សាដែលមានភាពរីករាយតាមរយៈការសិក្សាបែបសកម្ម។ កម្មវិធីនេះ នឹងត្រូវយកទៅអនុវត្តបន្តនៅតាមសាលាគោលដៅទាំងអស់ តាមរយៈការបញ្ចូលទៅក្នុងម៉ោងសិក្សាមុខវិជ្ជា ICT និងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា ដោយសិក្សាផ្អែកលើគម្រោង។ សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះនឹងទទួលបានចំណេះដឹង បំណិនសតវត្ស២១រួមមាន ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មី ជំនាញបច្ចេកទេសក្នុងការសរសេរកូដ (Coding) និងការរចនា (Design) ជាដើម។ លើសពីនេះកម្មវិធីសិក្សាបែបថ្មីនេះ ជាការបោះជំហានដ៏សំខាន់មួយក្នុងការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់កម្មវិធីអប់រំបច្ចេកវិទ្យាផ្ដល់នូវបរិយាកាសសិក្សាដែលកាន់តែទាក់ទាញ និងប្រកបដោយប្រសិទ្ធភាព។
គូសបញ្ជាក់ផងដែរថា កម្មវិធីអប់រំបង្កើតហ្គេម ក៏បាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសចំនួន០៨រួមមាន៖ ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្រ្វិកខាងត្បូងផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




























