Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្ត្រី​ម្នាក់ ករណី​នាំ​នារី​ខ្មែរ ទៅ​លក់​ឱ្យ​បុរស​ជនជាតិ​ចិន ធ្វើ​ជា​ប្រពន្ធ​

​ខេត្ត​កំពង់ចាម ៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ជនជាប់ចោទ​ម្នាក់​ជា​ស្ត្រី​វ័យក្មេង ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់​ចាម រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​នាំ​នារី​ខ្មែរ ទៅ​លក់​ឱ្យ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ធ្វើ​ជា​ប្រពន្ធ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ករណី​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ ដែល​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូវបាន​លោក សួន សំណាង ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ ៥១៣ ទ​.​ព្រ ចុះ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ពី​បទ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ ប្រព្រឹត្ត​នៅ​ភូមិ​ប្រម៉ាត់ដី ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម កាលពី​អំឡុង​ខែ​កុម្ភៈ និង ខែ​មីនា ឆ្នាំ​២០១៨​។​

-​សូម​រំលឹក​ផង​ដែរថាៈ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​លេខៈ ១៦៤០ ព​.​ស និង លេខៈ ១៦៤២ ព​.​ស ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ របស់​អយ្យការ អម​សាលាដំបូង​ខេត្ត​កំពង់ចាម បញ្ជា​ឱ្យ​ឈ្មោះ ផន សុខ​ណេង ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ប្រម៉ាត់ដី ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​សាកសួរ​បំភ្លឺ ពាក់ព័ន្ធ​ករណី​នាំ​នារី​ខ្មែរ​ទៅ​លក់​ឱ្យ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន​ធ្វើ​ជា​ប្រពន្ធ​។ ក្រោយពី​សាកសួរ​រួច សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផន សុខ​ណេង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ត​កំពង់ចាម ចាត់ការ​តាម​នីតិវិធី​។​

​បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់​ចាម រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​ច្បាប់ មាត្រា​១០ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​៕​ ​ដោយ ​៖​ កូឡាប​

×