បុរសអាយុ ៣៧ ឆ្នាំម្នាក់ បានរងរបួសរលាកធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានទៅកាន់ព្រះវិហារ និងព្យាយាមព្យាបាលជំងឺពិការរបស់គាត់ ដោយប្រើវិធីមន្តអាគមតាមជំនឿសាសនា ។
Bhawani Shankar Nanda ដែលពិការចាប់តាំងពីកំណើត ហើយពុំអាចដើរបានត្រឹមត្រូវ បានទៅជួបគ្រូវេទមន្ត នៅក្នុងភូមិ Vagamunda ស្ថិតក្នុងស្រុក Kandhamal ខេត្ត Odisha ប្រទេសឥណ្ឌា ។
គ្រូមន្តអាគមនោះ ត្រូវបានគេនិយាយថាបានធ្វើពិធីមួយ ដែលក្នុងនោះ Nanda ត្រូវបានចងព្យួរជើងក្បាល «ប្រឆាំង» ភ្លើង ដោយសង្ឃឹមថា អាចព្យាបាលពិការភាពរបស់គាត់បានជាអចិន្ត្រៃយ៍ ។
វីដេអូខ្លីមួយដែលត្រូវបានថតដោយភ្ញៀវទេសចរម្នាក់ ក្នុងចំណោមភ្ញៀវទេសចរជាច្រើននាក់ ដែលបានមើលពិធីព្យាបាលដ៏រន្ធត់នេះ ។
Nanda អាចត្រូវបានឃើញស្ថិតនៅពីលើផ្សែងហុយ ខណៈគ្រូវេទមន្តបានសូត្របាលី និងភ្លេងបន្លឺឡើង ។ ជំនួយការគ្រូ បន្ទាប់មក ចូលជិត និងចាក់ប៊ឺ រួចដុតឲ្យភ្លើងឆាបឆេះ ។
ទិដ្ឋភាពបន្ត Nanda អាចត្រូវបានឃើញរងការវាយប្រហារពីអណ្តាតភ្លើង ខណៈជំនួយការម្នាក់បានលាបប៊ឺកាន់តែច្រើនឡើងៗ ។ ដោយសារតែអណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង និងឆាបឆេះខ្លួនរបស់គាត់ ជាហេតុធ្វើឲ្យ Nanda ខំប្រឹងត្រដររើសបម្រាស់គេចចេញពីអណ្តាតភ្លើងគួរឲ្យអាសូរ មុនពេលគ្រូវេទមន្ត និងជំនួយការរបស់គាត់ប្រញាប់ប្រញាល់ជួយសង្គ្រោះ ។
ពួកគេបានលើកទ្រគាត់ដាក់ចុះដីវិញ ប៉ុន្តែ វាជាការយឺតពេលទៅហើយ ក្នុងការបញ្ឈប់ការរលាក ។
អ្នកស្រុក និងសាច់ញាតិរបស់ Nanda បន្ទាប់មក បានប្រញាប់ប្រញាល់នាំយកគាត់ទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាលរបួសរលាករបស់គាត់ ។
Nanda ត្រូវបានគេនិយាយថា បានស្ថិតស្ថានភាពស្ថិរភាព ជាមួយរបួសរលាកនៅត្រង់មុខ, ទ្រូង និងដៃទាំងសងខាងរបស់គាត់ ៕ ឧត្តម (Daily Mail)