ភ្នំពេញ៖ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករអប្រណិតល្អបំផុត លើពិភពលោក ជាលើកទី៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥» (World Best Rice) ដែលរៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។
សូមជម្រាបជូនថា នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករ ដែលបានចូលរួមគាំទ្រ និងផលិតអង្ករល្អបំផុត ដើម្បីចូលរួមប្រកួត រហូតទទួលបាននូវពានរង្វាន់ដ៏មានតម្លៃនេះ ជូនជាតិមាតុភូមិកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី








