ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពី ភាពជោគជ័យរបស់ គ.ជ.ប គឺជាផ្លែផ្កា នៃកិច្ចសហការ របស់ភាគីពាក់ព័ន្ធទាំងអស់។
ការលើកឡើងរបស់លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ ការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ www.necelect.org.kh/khmer/content/3528 និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ានស្មាន នៅសាលសន្និសីទ គ.ជ.ប។
ប្រធាន គ.ជ.ប បានបន្តថា គ.ជ.ប សប្បាយចិត្តដោយបានចូលរួមបម្រើប្រទេសជាតិ ឱ្យអស់ពីចិត្តពីថ្លើម ជាពិសេសពេលឃើញប្រជាពលរដ្ឋ មានភាពរីករាយចេញទៅបោះឆ្នោត ហើយក្រោយពេលបោះឆ្នោតរួចនៅតែសប្បាយចិត្ត។ លោក ស៊ិក ប៊ុនហុក បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក៏ដោយសារមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ដែរ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់ គ.ជ.ប តែម្នាក់ឯងទេ។
នៅក្នុងឱកាសនេះលោក ស៊ិក ប៊ុនហុក ក៏បានអំពាវនាវដល់តំណាងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយណា ដែលមានបំណងចង់ចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោត សូមរួសរាន់ដាក់ពាក្យមក គ.ជ.ប។
ការដាក់ ការទទួលពាក្យចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ គ.ជ.ប ក៏អំពាវនាវដល់គណបក្សនយោបាយ ដែលមានបំណងចង់ដាក់ភ្នាក់ងារ ដើម្បីសង្កេតការណ៍មើលដំណើរការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ផងដែរ។ ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៨ គឺមានប្រជាជនសរុបចំនួន១៥.៩៧៨.០០២នាក់ ។ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មានចំនួន៩.៩០៨.២៤៣នាក់ ។ អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៧ រួចហើយមានចំនួន ៨.៣៨០.២១៧នាក់។ ក្នុងផែនការត្រូវចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន៤៨៩.៩៦៣នាក់។ កាពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ការិយាល័យបោះឆ្នោត ប៉ាន់ស្មានមានចំនួន២៣៣០១ ការិយាល័យ៕ ដោយ ៖ កូឡាប
សូមអានខ្លឹមសារទាំងស្រុងរបស់ គ.ជ.ប ដូចខាងក្រោម៖