ភ្នំពេញ ៖ ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងដែលបញ្ជាក់ពីគុណភាព និងភាពទាក់ទាញនៃផលិតផលកសិកម្មកម្ពុជា។
ឯកឧត្តម ប្រាក់ ដាវីដ បានថ្លែងថា វេទិកានិងពិព័រណ៌កសិកម្មកម្ពុជាដែលប្រារព្ធពិធីបើកនាថ្ងៃនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្នុងគោលបំណងផ្សារភ្ជាប់តួអង្គទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ទាក់ទាញអ្នកវិនិយោគ លើកកម្ពស់ពាណិជ្ជកម្ម និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា តាមរយៈការប្រើប្រាស់វត្ថុធាតុដើមឱ្យអស់ពីលទ្ធភាព។
យ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម រដ្ឋមន្ដ្រី មានកាតព្វកិច្ចត្រូវចាកចេញទៅខេត្តបន្ទាយមានជ័យជាបន្ទាន់កាលពីយប់មិញ ដើម្បីអន្ដរាគមន៍ ជួយដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលរងគ្រោះដោយសារការប្រើប្រាស់អំពើហិង្សាដ៏គគ្លើនរបស់ភាគីថៃ នៅភូមិព្រៃចាន់។ ការបាញ់ប្រហាររបស់ភាគីថៃកាលពីម្សិលមិញ បានបណ្ដាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា របួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។
នាឱកាសនេះ ខ្ញុំបាទសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ ដែលរំលោភបំពានយ៉ាងព្រហើនលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ” និង ការព្រមព្រៀងបង្កើតគណៈកម្មាការចម្រុះព្រំដែន (JBC) និង ផ្ទុយពីច្បាប់អន្តរជាតិ។ ខ្ញុំបាទសូមគាំទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
ឯកឧត្តម ប្រាក់ ដាវីដ បានបន្តទៀតថា ថ្ងៃនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមប្រធានក្រុមការងាររៀបចំកម្មវិធី ខ្ញុំបាទមានកិត្តិយសសូមសម្តែងនូវគារវកិច្ច ដ៏ខ្ពង់ខ្ពស់ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ហៅកាត់ថា CAFE25 ដ៏មានសារសំខាន់ នាពេលនេះ។ វត្តមានរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ពិតជាឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម និងបងប្អូនប្រជាកសិករដែលជាអ្នកផលិតនៅទូទាំងប្រទេស។ ឯកឧត្តមបានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ(FAO), កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងវិស័យឯកជន ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការរៀបចំព្រឹត្តការណ៍ CAFE25 នេះ។
ឯកឧត្តម ប្រាក់ ដាវីដ បានថ្លែងថា វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមកនេះ ដោយបានជំរុញប្រទេសកម្ពុជាឱ្យចេញផុតពីស្ថានភាពខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារពីបរទេស មកជាការធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងស្រុក ជាពិសេសក្នុងកាលៈទេសៈនៃការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលបង្ហាញពីចំណុចខ្លាំង និងភាពធន់នៃវិស័យកសិកម្មកម្ពុជាក្នុងពេលជួបវិបត្តិ។ ជាងនេះទៀត កម្ពុជាសម្រេចបាន ការនាំចេញផលិតផលកសិកម្មរាប់លានតោន ជារៀងរាល់ឆ្នាំ ទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។
ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ វិស័យកសិកម្មកម្ពុជាបានបន្តរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបជាង ៧,៨២ពាន់លានដុល្លារអាម៉េរិក។ កម្ពុជាបាន នាំចេញផលិតផលកសិកម្មជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាម៉េរិក។ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងដែលបញ្ជាក់ពីគុណភាព និងភាពទាក់ទាញនៃផលិតផលកសិកម្មកម្ពុជា។ ឯកឧត្តម ក៏សូមយកឱកាសនេះចូលរួមជាមួយ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា អបអរសាទរ អង្ករពូជស្រូវផ្ការំដួលកម្ពុជា ដែលបានឈ្នះពានរង្វាន់ អង្ករប្រណិតបំផុតលើពិភពលោកជាលើកទី៧ កាលពី ថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។
លទ្ធផលដ៏ល្អប្រសើរនេះពិតជាមិនអាចកាត់ផ្តាច់ចេញបានពីកត្តាសុខសន្តិភាព និងការដឹកនាំប្រកប ដោយគតិបណ្ឌិតជាច្រើនអាណត្តិកន្លងមក របស់ សម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធាន ព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការចូលរួម អនុវត្តយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេស បងប្អូនប្រជាកសិករទាំងអស់ដែលជាអ្នកផលិតនៅទូទាំងប្រទេស។
ទន្ទឹមនឹងលទ្ធផលគួរជាទីមោទនៈនេះ វិស័យកសិកម្មកម្ពុជាបានបោះជំហានមកដល់ដំណាក់កាលថ្មី និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មីមួយចំនួន ជាពិសេស និរន្តរភាពនៃផលិតកម្ម និងតម្រូវការទីផ្សារ, ថ្លៃដើម ផលិតខ្ពស់, ទីផ្សារនិងការកែច្នៃកសិផលនៅមានកម្រិត និងការប្រែប្រួលមិនអាចស្មានទុកជាមុនបាននៃតម្លៃ កសិផលនៅលើទីផ្សារអន្តរជាតិ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសហការ និងគាំទ្រកាន់តែសកម្ម និងមុតមាំថែមទៀត ក្នុងគោលបំណងបន្តរួមគ្នាដោះស្រាយ និងផ្តល់ក្តីសង្ឃឹមដល់បងប្អូនប្រជាកសិករដែលកំពុងខិតខំប្រឹងប្រែងផលិត ដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារផង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។
ដើម្បីសម្រេចគោលដៅនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦។ យន្តការរក្សាលំនឹងថ្លៃ កសិផលគន្លឹះ ជាពិសេសតម្លៃស្រូវ ត្រូវបានជំរុញអនុវត្តយ៉ាងសកម្មជាច្រើនលើក ប្រកបដោយជោគជ័យ និង ប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ មន្រ្តីកសិកម្មឃុំចំនួន ១ ៦០០នាក់ ត្រូវបានជ្រើសរើសប្រកបដោយតម្លាភាព និងកំពុងចុះជួយផ្សព្វផ្សាយបច្ចេកទេសដល់បងប្អូនកសិករ ប្រមូលទិន្នន័យផលិតកម្ម និងសម្របសម្រួល ទីផ្សារសម្រាប់កសិផលរបស់ប្រជាកសិករនៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស។ ជាងនេះទៀត សហគមន៍ កសិកម្មទំនើបចំនួន ២៥សហគមន៍ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ការគាំទ្រដល់បងប្អូនកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ផ្សារភ្ជាប់ទៅនឹងទីផ្សារ និងចុះកិច្ចសន្យាលក់ក្នុងតម្លៃសមស្រប ដើម្បីធានាប្រាក់ចំណេញសម្រាប់បងប្អូនកសិករ។
ដើម្បីរួមចំណែកបង្កើនការស្រូបយកកសិផលក្នុងស្រុកមកកែច្នៃជាផលិតផលក្នុងស្រុក និងបង្កើត ទីផ្សារបន្ថែម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានរៀបចំ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា នេះឡើង ក្នុងគោលបំណងបង្កើតឱ្យមានវេទិកាពិភាក្សាកម្រិតខ្ពស់ និងការដាក់តាំងបង្ហាញកសិផលសក្តានុពលកម្ពុជា ដែលតាមរយៈនេះ វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ជាពិសេស វិនិយោគិន និងធុរជន នឹងមានឱកាសស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម និងកសិ-ស្បៀងអាហារនៅកម្ពុជា។ ខ្ញុំបាទជឿជាក់យ៉ាងមុតមាំថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥នេះ នឹងក្លាយជាចំណុច ចាប់ផ្តើមដ៏ល្អមួយទៀត សម្រាប់ការបង្កើនភាពជាដៃគូ រវាងវិនិយោគិន ធុរជន និងកសិករ ដែលនឹងចូលរួមចំណែកបង្កើតទីផ្សារបន្ថែមសម្រាប់កសិផលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាកសិករជាអ្នកផលិត៕ រក្សាសិទ្ធដោយ៖សុទ្ធលី













