ភ្នំពេញ ៖ នៅទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបាន អញ្ជើញចូលរួមក្នុង សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកលឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ។ សន្និសីទនេះ សហការរៀបចំឡើងដោយក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងសមាគមក្រុមហ៊ុនម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ។
លោក Lee Kun-Ki អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន(MOLIT) និងជា ប្រធានសមាគមICAK បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់សន្និសីទនេះ ពីព្រោះ ICAK គឺស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងក្រុមហ៊ុនជាសមាជិកក្នុងវិស័យឯកជន និងរដ្ឋាភិបាលកូរ៉េ។
ក្នុងនាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោកអនុរដ្ឋមន្ត្រី Son Byeong Suk បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបង្កើតការងារធ្វើ និងឱកាស អភិវឌ្ឍធនធានឱ្យមានសក្ដានុពលពេញលេញ។
លើសពីនេះទៀត ការប្រើប្រាស់បច្ចេកវិទ្យាកម្រិត ខ្ពស់នឹងជួយប្រទេសក្នុងការកសាង “ទីក្រុងឆ្លាតវៃ” ។
ដោយគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដមអនុរដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ៖ សាធារណរដ្ឋកូរ៉េបច្ចុប្បន្នមានផ្លូវល្បឿនលឿនប្រមាណជាង១០.០០០ គីឡូម៉ែត្រ នៅពេលដែល ប្រទេសនេះបានឈានចូលដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ។
ប្រទេសកូរ៉េបានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្រៅប្រទេស ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់មនុស្សគ្រប់រូប នៅក្នុងតំបន់ និងពិភពលោក។
នៅក្នុងអង្គសន្និសីទនេះដែរ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចូលរួមយ៉ាង សកម្មនៅក្នុងសិក្ខាសាលា ស្តីពីគម្រោងជាច្រើន រួមទាំង៖សិក្ខាសាលាស្តីពី ៖ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុង ទីក្រុងកម្ពុជា ផងដែរ។
សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកល ត្រូវបានបង្កើតឡើង ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការតភ្ជាប់អាស៊ាន តាមរយៈការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យក្នុងតំបន់ ដែលបាន រៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធ រវាងរាជរដ្ឋាភិបាល អតិថិជនក្រៅប្រទេសសំខាន់ៗ ធនាគារអភិវឌ្ឍន៍ពហុភាគី ក្រុមហ៊ុនសំណង់និងវិស្វកម្ម និងក្រុមហ៊ុនបរទេសជាច្រើនទៀត៕ ដោយ ៖ បញ្ញាស័ក្តិ