Friday, November 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

រាជធានីរីយ៉ាដ ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតអំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ក្នុងជំនួបកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត តាមរយៈការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍, ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ, ការរៀបចំ FAM Trip ជាដើម។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រី្តទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងឧត្តុង្គឧត្តមដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងចូលរួមអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ឯកឧត្តមរដ្ឋមន្រ្តី និងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិនាពេលនេះ។

ឆ្លៀតក្នុងឱកាសនៃជំនួបប្រកបដោយភារតភាព និងអត្ថន័យជ្រាលជ្រៅ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីតមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗ នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×