រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ក្រើនរម្លឹកសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ជាយថាហេតុ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិ នៃ កម្ពុជាបានចេញសេចក្តីជូនដំណឹងឲ្យដឹងថា នាពេលកន្លងមក ជនល្មើសមួយចំនួនបានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាព ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន។
ទន្ទឹមនេះ ជនល្មើសមួយចំនួនបានប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មាន ក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនី ធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម។
ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលអាចនាំឱ្យខាតបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធទៅនឹងទង្វើខុសច្បាប់ជាយថាហេតុ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ និងលេខទូរសព្ទឱ្យបុគ្គលដទៃ។
ក្នុងករណីមានការបោកបញ្ឆោតខាងលើ សូមរាយការណ៍ភ្លាមៗទៅកាន់អាជ្ញាធរពាក់ព័ន្ធ។ សម្រាប់ព័ត៌មានផ្លូវការពាក់ព័ន្ធនឹងធនាគារជាតិនៃកម្ពុជា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



