ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាជាតិគយ មានរៀបចំវេទិកាគយកម្ពុជាលើកទី៣ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងមានវត្តមានចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, មន្ត្រីគយនិងរដ្ឋាករ និងអ្នកសារព័ត៌មានមួយចំនួន ផងដែរ។
វេទិកាគយកម្ពុជាលើកទី៣ នេះ ត្រូវបានរៀបចំឡើងក្នុងមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល” ដែលមានគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃឌីជីថលូបនីយកម្មនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសជជែកពិភាក្សា និងផ្តល់មតិលើការអនុវត្តជាក់ស្តែងផងដែរ។
ក្នុងមតិចំណាប់អារម្មណ៍ អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចពីកិច្ចសហការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលបានជួយលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរពីមួយពេលទៅមួយពេល។ សម្រាប់វេទិកាគយកម្ពុជាលើកទី៣ នេះ អ្នកឧកញ៉ា បានកត់សម្គាល់ពីភាពចាំបាច់ និងសារៈប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដែលទាមទារឱ្យទាំងផ្នែកឯកជន និងសាធារណៈត្រូវចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នខ្លួន និង ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានក្នុងការកែទម្រង់និងទំនើបកម្មស្ថាប័ន។
ការធ្វើឌីជីថលូបនីយកម្មនេះបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ឈានទៅធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងការអនុវត្តតាមស្តង់ដាអន្តរជាតិ ក៏ដូចជាដើម្បីបង្កើនល្បឿននៃការបញ្ចេញទំនិញពីគយ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ផងដែរ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គវេទិកា, ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបញ្ជាក់ពីសារៈសំខាន់នៃវេទិកាគយកម្ពុជា ដែលជាយន្តការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីនីតិវិធីគយ និងបង្កើនកិច្ចសហការរវាងរដ្ឋបាលគយនិងផ្នែកឯកជន ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌សារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានសង្កត់ធ្ងន់ថា ទិសដៅក្លាយជារដ្ឋបាលគយឌីជីថល គឺជាការចាំបាច់ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាននិងកំពុងជំរុញអនុវត្តឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។ ទិសដៅនេះមានសង្គតិភាពជាមួយ “យុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដល់ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ ក៏បានសង្ខេបអំពីវឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានាពេលថ្មីៗនេះ លើការធ្វើបរិវត្តកម្មឌីជីថលនីតិវិធីគយនិងការផ្តល់សេវាសាធារណៈ និងការអនុវត្តវិធានការចំនួន ១៤ចំណុច ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។
វេទិកាគយកម្ពុជាលើកទី៣ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពីបច្ចុប្បន្នភាព នីតិវិធីគយក្នុងបរិបទឌីជីថល និងមានកិច្ចពិភាក្សារវាងវាគ្មិនមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងផ្នែកឯកជន លើប្រធានបទអំពីដំណើរការនីតិវិធីនាំចូល-នាំចេញតាមថ្នាលប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការលើកឡើងជាសំណួរនិងសំណូមពរពីសមាជិកអង្គវេទិកា លើការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ កិច្ចសម្រួលពាណិជ្ជកម្ម ការបំពេញបែបបទគយ ការពង្រឹងអនុលោមភាព និងប្រតិបត្តិការគយផ្សេងទៀត ជាដើម។
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបកស្រាយចំពោះចម្ងល់ពលរដ្ឋ ទាក់ទងនឹងការហូរចូលទំនិញថៃមកកម្ពុជា ជាបន្តបន្ទាប់ បើទោះបីជាពលរដ្ឋកម្ពុជាកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ ការអនុញ្ញាតឱ្យទំនិញថៃបន្តនាំចូលមកកម្ពុជា គឺអគ្គនាយកដ្ឋានគយ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងនាមជាស្ថានប័នរបស់រដ្ឋ ដោយមិនធ្វើទៅតាមអារម្មណ៍ដូចមតិលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកឡើយ ព្រោះកម្ពុជា គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកអាស៊ាន។
ឯកឧត្ដមបានគូសបញ្ជាក់ថា សម្រាប់ទំនិញដែលជាប់បំរាមមិនឱ្យនាំចូលដែលរដ្ឋាភិបាលកំណត់កាលពីពេលកន្លងមក អគ្គនាយកដ្ឋានគយ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យនាំចូលឡើយ។ ដោយឡែកទំនិញដែលមិនជាប់បម្រាម អាជីវករនៅតែអាចនាំចូលបាន។
ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់ទំនិញអាចបន្តនាំចូលកម្ពុជាបានច្រើន ឬតិច គឺអាស្រ័យទៅលើអ្នកប្រើប្រាស់។ ប្រសិនបើអ្នកទិញមិនទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗ នោះអ្នកលក់ក៏អាចនឹងកាត់បន្ថយការយកមកលក់ដែរ។
ឯកឧត្ដមបានលើកឡើងយ៉ាងដូច្នេះថា អ្នកប្រើប្រាស់ ទិញឬមិនទិញ មិនមែនមានអនុក្រឹត្យ ឬប្រកាសណាបង្ខំឱ្យទិញ ឬមិនទិញនោះទេ។ ប៉ុន្តែនេះជាស្មារតី ជាមនសិការទេ អ៊ីចឹងហើយវាខុសគ្នា អំពីគោលការណ៍ ស្មារតី មនសិការ។ ពេលខ្លះអ្នកដែលមិនយល់មកដាក់បន្ទុក ឬស្តីបន្ទោស មានអ្នកខ្លះរហូតដល់ដាក់បណ្តាសារមន្រ្តីគយទៀត ថាហេតុអ្វីបានឱ្យទំនិញចូលមក។
សូមជម្រាបថា បន្ទាប់ពីកើតមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាលពីខែមិថុនា រដ្ឋាភិបាលបានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួនមកកម្ពុជា។ ទំនិញ មានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាម នាំចូលមកកម្ពុជា រួមមានបន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖
១៖ ប្រេងសាំង (Gasoline)
២៖ ប្រេងម៉ាស៊ូត (Diesel)
៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤៖ ប្រេងខ្មៅ (Fuel oil) និង
៥៖ ប្រេងសាំងយន្តហោះ (Jet-A1)។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុ នៃការហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតា៕ រក្សាសិទ្ធដោយ៖សុទ្ធលី








