ភ្នំពេញ ៖ អង្គការ LICADHO / លីកាដូ កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨បានផ្សាយលើផេករបស់ខ្លួនថា បុគ្គលិកចំនួនបួនរូបនៃអង្គការសិទិ្ធមនុស្ស និងអគ្គលេខាធិការរងមួយរូប នៃគណៈកម្មារធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះ ពីបទសូកប៉ាន់សាក្សី ដែលជាប់ទាក់ទងនឹងករណីមួយ ដែលត្រូវបានចោទប្រកាន់មកលើ មេដឹកនាំអតីតគណបក្សជំទាស់ លោក កឹម សុខា។
បុគ្គលិកនៃសមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ដែលរួមមាន អ្នកស្រី លីម មុនី្ន លោក នី សុខា លោក យី សុខសាន្ត និងលោក ណៃ វង់ដា ហើយនិងអគ្គលេខាធិការរង នៃគណៈកម្មារធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ត្រូវបានចៅក្រមសាកសួរអំពីរបៀប ដែលអ្នកទាំងនោះ ទទួល និងចាត់ចែងពាក្យបណ្តឹង ដែលត្រូវបានធ្វើឡើងដោយកញ្ញា ខុម ចាន់តារាទី នៅពេលដែលនាងបានប្តឹងទៅអង្គការសិទិ្ធមនុស្សមួយនេះ និងរបៀបដែលដើមចោទត្រូវបានអ្នកទាំងនោះផ្តល់ជំនួយផ្នែកថវិកា។
កញ្ញា ចាន់តារាទី ដែលជាសាក្សីចំបងនៅក្នុងសវនាការនេះ មិនមានវត្តមាន នៅក្នុងបន្ទប់សវនាការទេនាព្រឹកនេះ។
សេចក្ដីថ្លែងការណ៍របស់សាក្សីពីររូបផ្សេងទៀត ក្នុងចំណោមសាក្សីប្រាំពីរទៀត ដែលអវត្តមាន ត្រូវបានអានដោយក្រឡាបញ្ជី ដែលធ្វើឲ្យពិបាក ក្នុងការសួរឆ្លងរបស់មេធាវី ហើយក៏មិនមានភស្តុតាង គួរឲ្យជឿទុកចិត្តណាមួយ ត្រូវបានបង្ហាញដោយព្រះរាជអាជ្ញាដែរ។
បុគ្គលិកសមាគមអាដហុកទាំងបួន ត្រូវបានចោទប្រកាន់តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ស្តីពី “អំពើសូកប៉ាន់សាក្សី”។
អគ្គលេខាធិការង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតបុគ្គលិក អង្គការសមាគមអាដហុក លោក នី ចរិយា ត្រូវបានចោទប្រកាន់ពីបទសមគំនិត នៅក្នុងបទល្មើសខាងលើ យោងតាមមាត្រា ៥៤៨ និង ២៩ នៃក្រមនេះ។
អ្នកការពារសិទិ្ធមនុស្សទាំងប្រាំនាក់ ដែលធ្លាប់បានជាប់ឃុំឃាំងបណ្តោះអាសន្ន អស់រយៈពេល ១៤ខែ នៅក្នុងពន្ធនាគារនៅរាជធានីភ្នំពេញ មុនពេលមានការដោះលែង ឲ្យនៅក្រៅឃុំកាលពីខែមិថុនា ឆ្នាំ ២០១៧ (ការឃុំខ្លួននេះ ត្រូវបានក្រុមការងារនៃអង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនតាមទំនើងចិត្ត ចាត់ទុកថា ជាការឃុំខ្លួនដោយមិនត្រឹមត្រូវ)។ យោងតាមមតិជាតិ និងអន្តរជាតិ ការចាប់ខ្លួនអ្នកទាំងនោះ គឺជាផ្នែកមួយនៃការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ និងកំពុងតែកើតមានឡើង មកលើអង្គការសង្គមស៊ីវិល និងអ្នកការពារសិទិ្ធមនុស្សមួយចំនួន។
ប្រសិនបើអ្នកទាំងប្រាំ ត្រូវបានតុលាការផ្តន្ទាទោស នោះអ្នកទាំងនោះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។
សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវប្រកាសនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល៕
ដោយ ៖ បញ្ញាស័ក្តិ