ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកជាមួយនឹងម៉ូតូនៅក្នុងទឹសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅក្នុងភូមិពោធិ៍ពាន្វ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១E-៥៤០៦ បើកបរដោយឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាម៊ី ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរបួសធ្ងន់ ចំណែកភាគីខាងម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ធុនC១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ងួន ខុម ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកកូរ៉េ ធុនC100 បើកបរដោយបុរស ក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យអ្នកបើកបរម៉ូតូម៉ាកសង់កូរ៉េស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្សុ៊យគីស្មាស់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់បើកបរមិនប្រកាន់ស្តាំ ទៅបុកម៉ូតូម៉ាកសង់កូរ៉េ ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវអាទិភាពរបស់គេ ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ