Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូក ង វែង​ជាង​គេ​លើ​ពិភពលោក ឈ្មោះ “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដាក់ជូន ក្រុមការងារ Guinness World Records ពិនិត្យ និង​វាយ​តំលៃ​

​ព្រៃវែង​ ៖ លោក​ស សុខា ប្រធាន​គណៈកម្មាធិការ​ផលិត​ទូក​-​ង វែង​ជាង​គេ​លើ​ពិភពលោក កាលពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា បានបញ្ជាក់​ថា កម្មវិធី​ផលិត​ទូក ង វែង​ជាង​គេ​លើ​ពិភពលោក ដែល​ធ្វើ​ពី​ឈើ​គគីរ​នៅ​ខេត្ត​ព្រៃវែង បាន​ឈាន​ដល់​ទីបញ្ចប់ ដោយ​ទូក​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល អុំ​សាកល្បង តុបតែង និង​បាញ់​ពណ៌ មុននឹង​ដាក់ជូន ក្រុមការងារ Guinness World Records ពិនិត្យ និង​វាយ​តំលៃ នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ហើយ​។​

​លោក ស សុខា ក្នុងនាម​គណៈកម្មការ​ផលិត​ទូក ង ដើម្បី​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក សូមបញ្ជាក់​ថា សូម​ពុក​ម៉ែ បងប្អូន យុវជន យុវនារី ត្រៀម​ចូលរួម​គាំទ្រ និង​អបអរសាទរ​កម្មវិធី​បំបែក ឯតទគ្គ​កម្ម​ពិភពលោក នៃ​ទូក ង វែង​ជាង​គេ​លើ​ពិភពលោក របស់​ខ្មែរ​យើងទាំងអស់គ្នា នា​ពេល​ឆាប់ៗ​ខាងមុខនេះ កុំបី​ខាន​ឡើយ​។​

​ជាក់ស្ដែង​កាលពី​ដើមខែ កញ្ញា​កន្លងទៅ ត្រូវបាន​គេ​ឃើញ​ការបង្ហាញ ទូក​នេះ​នៅលើ​ផ្ទៃ​ទឹក​ម្ដង​រួចមកហើយ និង​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​សប៊ុក គេ​បាន​ឃើញ​មានការ​បង្ហោះ​នូវ​រូបភាព​ទូក ង ដ៏​វែង​នោះ​កំពុង អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក​យ៉ាង​សង្ហា និង គួរឱ្យ​ចាប់អារម្មណ៍​បំផុត ។ ទូក ង វែង​ជាង​គេ​លើ​ពិភពលោក​នេះ មាន​៖​ប្រវែង​៨៥,៥​ម៉ែត្រ ទទឹង​១,៥៥​ម៉ែត្រ ដាក់​ចំណុះ​ទូក​បាន ចំនួន​១៧៩ នាក់ ផលិត​ពី​ឈើ​គគីរ​ចំនួន ៦​ដើម ក្បាល​ទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ រីឯ​កន្ទុយ​ឆ្លាក់​ចេញ​ជា​កន្ទុយ​ហង្ស ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ ទូក ង ដែល​មាន​ប្រវែង​វែង​ជាង​គេ​នៅលើ​ពិភពលោក ផលិត​ឡើង​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​ស្នាដៃ​កូន​ខ្មែរ​នៅ​ខេត្ត​ព្រៃវែង​.​ដែល​បាន​ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពាលី តាម​បែប​ប្រពៃណី​សាសនា ចាប់តាំងពី​ថ្ងៃ​ទី ០២ ខែកក្កដា ឆ្នាំ​២០១៨​មក​ម្លេះ នៅ​តំបន់​ចុង​ប៉ម ខាង​មុខ​សាលា​ខេត្តព្រៃវែង ក្រោម​ការដឹកនាំ​ដោយ លោក ស សុខា ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក ង ដែល​មាន​ប្រវែង វែង​ជាង​គេ​លើ​ពិភពលោក​។​

​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់ លោក​ស សុខា ក៏ដូជា​គណៈកម្មាធិការ​ផលិត​ទូក ង និង​ក្រុម​ក​ងារ​ពាក់​ពន្ធ័​រួម ទូក​ង ដែល​មាន​ប្រវែង វែង​ជាង​គេ លើ​ពិភពលោក ត្រូវបាន​ប្រសិទ្ធិ​នាម​ថា កម្ពោជិក​បុត្តា​ខេមរា​តរី ដែល​មានន័យថា ទូក ង របស់​កូន​ខ្មែរ រស់​នៅក្នុង​ដែនដី​កម្ពុជា​។​

គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូក ង ដែល​វែង​ជាង​គេ​នេះ គឺ​ចង់​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់ នៃ​ការផលិត និង ការប្រើ ប្រាស់​ទូក របស់​ខ្មែរ​តាំងពី​សម័យ​បុរាណ ជាពិសេស​រំលឹក​ឡើងវិញ​នូវ ស្នា​ព្រះហស្ត របស់​ព្រះមហាក្សត្រ​ខ្មែរ គ្រប់​ជំនាន់​ក្នុង​ការ ប្រើ ប្រាស់​ទូក ជា​មធ្យោបាយ​មួយ ក្នុង​ការការពារ​ទឹកដី ជួយ​លើក តម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល ឱ្យបាន​ដឹង​កាន់តែច្បាស់​ថា កម្ពុជា​អាច​បង្កើត ស្នាដៃ​ដ៏​អស្ចារ្យ​មួយ ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង សាមគ្គីភាព នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុង​ការថែរក្សា និង អភិរក្ស​កេរដំណែល​ពី​ដូនតា ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ខ្មែរ​យើង​ខ្លាំង អាច​ផលិត​បាន អ្វី​ដែល​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក ដើម្បី​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ចេះ​សាមគ្គី​គ្នា​រួបរួមគ្នា​ជា​ធ្លុង​មួយ​តាម រយៈ​ការកសាង​ទូក ង វែង​ជាង​គេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូតដល់ ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការនាំគ្នា​ចាំងឈើ​បន្តិច​ម្តងៗ ដើម្បី​បណ្តុះ​ឆន្ទៈ​កូន​ខ្មែរ​យើង​ឱ្យ​នាំ​គ្នា​បង្កើត​នូវ អ្វី​ដែល​អស្ចារ្យ សម្រាប់​ខ្មែរលើ ឆាក​អន្តរជាតិ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

×