Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស អរគុណ​ជំនួយ​របស់​ជប៉ុន ដែល​បាន​ចូលរួមចំណែក ដល់​ការ​អភិឌ្ឍ​កម្ពុជា​

spot_img

​ប្រទេស​ជប៉ុន ​៖ ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ប្រទេស​ជប៉ុន នៅវេលា​ម៉ោង​១១:៣០​ព្រឹក​ថ្ងៃ​ទី​១៩​ខែកញ្ញា​នេះ លោក​ប្រាក់ សុខុម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​ជួបពិភាក្សា​ទ្វេភាគី​ជាថ្មី​ម្តង​ទៀត​ជាមួយ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ។​

​លោក​ប្រាក់ សុខុម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ក្រសួង​ការបរទេស​ជប៉ុន ដែល​បាន​ផ្តល់​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ និង​គណៈប្រតិភូ ។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា “​ប្រទេស​ជប៉ុន ជា​ប្រទេស​ទីមួយ ដែល​ខ្ញុំ​មក​ធ្វើ​ទស្សនកិច្ច បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ថ្មី ដែល​ទើប​បង្កើតឡើង កាលពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ “​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក​ម Shinzo ABE នាយករដ្ឋមន្ត្រី​ជប៉ុន និង​លោក​Taro KONO រដ្ឋមន្ត្រីការបរទេស​ជប៉ុន ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ចំពោះ​ការតែងតាំង និង​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី ។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​អរគុណ​ជំនួយ​របស់​ជប៉ុន ដែល​បាន​ចូលរួមចំណែក ដល់​ការ​អភិឌ្ឍ​កម្ពុជា យ៉ាង​ធំធេង ដូចជា​ការតភ្ជាប់ ការពង្រឹង​នីតិរដ្ឋ និង​ការធានា​សន្តិភាព និង​សន្តិសុខ ។​

​គួរ​រំលឹក​ផងដែរ​ថា ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន ។ ប្រទេស​យើង​ទាំងពីរ បាន​ឯកភាពគ្នា​រៀបចំ​សកម្មភាព រួមគ្នា​មួយ​ចំនួន ទាំង​នៅ​កម្ពុជា និង​នៅ​ជប៉ុន ។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​កម្ពុជា​លើក​នេះ ក៏​ជា​សកម្មភាព​មួយ បំពេញ​បន្ថែម​លើ​ការអបអរ​ខួប​អនុស្សាវរីយ៍​នេះ ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ។​

​ប្រមុខ​ការទូត​កម្ពុជា បាន​សម្តែង​នូវ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​របស់គណៈ​ប្រតិភូកម្ពុ​ជា​លើក​នេះ នឹង​ចូលរួម​ចំណែក ក្នុង​ការពង្រឹង និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ជប៉ុន ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។ កម្ពុជា​ក៏​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ជប៉ុន ដែល​ជា​ប្រធាន និង​ជា​ប្រទេស​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី ១០ នៅ​ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ ។​

​សូមបញ្ជាក់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ប្រទេស​ជប៉ុន​ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុ​ន​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ប្រទេស​ជប៉ុន លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​សម​ភាគី​របស់​លោក គឺ​លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​បន្ត​ដោយ​ការ​ពិសា​អាហារ​ថ្ងៃត្រង់​ការងារ​។ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​ដ៏​យូរលង់ លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ធ្វើ​ការពិភាក្សា​ត្រង់​ទៅ ត្រង់​មក និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍ ទៅវិញទៅមក ដល់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​មាន​គម្រោង​ជួប​ជាមួយ​ឥស្សរជន​សំខាន់ៗ របស់​ជប៉ុន ដូចជា លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មួ​រ៉ា ប្រធាន​សមាគម​មិត្តភាព​សភា​កម្ពុជា​-​ជប៉ុន លោក ម៉ាសា​ហ៊ី​កូ កូ​មួរ៉ា អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP)៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×