Sunday, November 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ “នគរភ្នំឈើកាច់បាភ្នំ” និងកំណត់ ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ចំនួន ៩ទីតាំង

ព្រៃវែង ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យលេខ ២២៤ អនក្រ.ប្រក ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ “នគរភ្នំឈើកាច់បាភ្នំ” និងកំណត់ ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ អនុក្រឹត្យនេះមានគោលបំណងធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។នេះបើតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃអាទិត្យទី២៣ខែវិច្ឆិកានេះ។

តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ មានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា។ ក្នុងនោះ មានទីតាំងបេតិក ភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់ បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ៩ ទីតាំង ដូចជា ភ្នំបាភ្នំ ប្រាសាទអង្គច័ន្ទ វត្តវិហារគុហ៍ វត្តវិហារ ស្រះបិទបាយ អ្នកតាមេសរ ស្រះស្រង់ ភ្នំវត្តកំពូលភ្នំឈើកាច់ និង មណ្ឌលមុនីស្ថានតាបសភ្នំតូច។

ស្ថិតក្នុងស្រុកបាភ្នំបច្ចុប្បន្ននេះ តំបន់ «ឈើកាច់បាភ្នំ»ខេត្តព្រៃវែង បានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរបានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនា មកលេងកំសាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។

ជាមួយគ្នានេះ ដោយមានការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ និងសេវាកម្មនៅក្នុងតំបន់រមណីយដ្ឋាន ត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដារ។

តំបន់ «ឈើកាច់បាភ្នំ» ទាំងមូលត្រូវបានថែរក្សា ការពារ ឲ្យស្ថិតស្ថេរគង់វង្សសម្រាប់បម្រើឲ្យសកម្មអភិវឌ្ឍន៍លើវិស័យនានា ជាពិសេសវិស័យទេសចរណ៍។ ការអភិវឌ្ឍន៍នេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់តំបន់បាភ្នំ ដែលជាទីតាំងសក្ការៈ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំង ជួយជំរុញសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍នេះផងដែរ ។ សូមបញ្ជាក់ថា បាភ្នំ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំងខាងទេសចរណ៍វប្បធម៌ និងជំនឿ ជាពិសេសពិធីឡើងអ្នកតាមេ ស ដ៏ល្បីល្បាញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×