ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្វាគមន៍ចំពោះក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណជាង ៤០០គ្រឿង ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តរតគិរី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញនូវការអភិវឌ្ឍរីកចម្រើន នៅទិសឦសាន។ ឯកឧត្តម បញ្ជាក់ថា ខេត្តរតនគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ ។
ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងបន្តទៀតថា បច្ចុប្បន្ន ខេត្តបានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍នៅក្នុងខេត្តរតនគិរី ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។
ឯកឧត្តម អភិបាលខេត្តរតនគិរី បានថ្លែងបែបនេះ នៅក្នុងជំនួបពិសារអាហារសាមគ្គី នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្វាគមន៍ក្បួនរថយន្តទេសចរឦសានOverland II ដែលមានរថយន្តចូលរួមចំនួន ៤៥០ គ្រឿង និងមនុស្សជាង ១,៨០០ នាក់ ធ្វើដំណើរកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមការ អោយដឹងពីអ្នកចាត់ការទូទៅ នៃក្បួនរថយន្តអោយដឹងថា គោលបំណងក្នុងការផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដំណើរកម្សាន្ត Overland ខ្នាតធំបែបនេះ ដើម្បីចង់ប្រមូលផ្ដុំនូវអ្នកប្រើប្រាស់រថយន្តទាំងអស់ឱ្យមានសាមគ្គីភាពនៅក្នុងការធ្វើដំណើររួមគ្នាមួយដើម្បីទទួលនូវបទពិសោធន៍បែបថ្មី ក៏ដូចជាចូលរួមការផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំឱ្យបានទូលំទូលាយទៅក្នុងបណ្ដាញសង្គមដើម្បីជារូបភាពមួយល្អនៅក្នុងការផ្សព្វផ្សាយពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នានានៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងស្រុកធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយនូវអ្វីដែលខ្មែរមាន បង្ហាញប្រាប់ពិភពលោកថាប្រទេសកម្ពុជាក៏មានតំបន់ទេសចរណ៍ស្អាតៗមិនចាញ់បរទេស ដើម្បីឱ្យភ្ញៀវទេសចរខ្មែរកាត់បន្ថយទេសចរក្រៅស្រុក។ បន្ថែមពីនេះ ក្បួនរថយន្តទេសចរណ៍ នឹងចូលរួមចំណែកនៅក្នុងការបង្កើនប្រាក់ចំណូលទៅកាន់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋាន និងតំបន់ទេសចរណ៍នានា និងផ្សព្វផ្សាយវប្បធម៌ជនជាតិដើមភាគតិចនៅភូមិភាគឦសានឱ្យមហាជនបានស្គាល់ឱ្យកាន់តែច្បាស់ ហើយអ្វីកាន់តែសំខាន់ដែលជាគោលបំណង់ធំបំផុតនោះ គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែង ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី













