ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ធ្វើពលកម្មទប់ច្រាំងការពារទឹករលកបោកបក់មកលើផ្លូវក្រាលខ្សាច់ភ្នំមួយខ្សែរចាប់ ពីគល់ស្ពានសំយ៉ោងមកត្បូង។
តាមប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តស្វាយរៀងបានឱ្យដឹងថាៈក្រោយពីពិនិត្យឃើញនូវស្ថានភាពជាក់ស្តែងអំពីកំពស់ទឹកជំនន់ទឹកភ្លៀងដែលបានហក់ឡើងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើអោយកំណាត់ផ្លូវក្រាលខ្សាច់ភ្នំមួយកន្លែងចាប់ពី(គល់ស្ពានសំយ៉ោង)ស្ថិតនៅក្នុង ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បណ្តាលអោយខូចខាត និងបាក់ច្រាំង ចិញ្ចើមផ្លូវប្រវែងប្រមាណ៤០០ម៉ែត្រ ដោយសាររលកបោកបក់មកលើផ្លូវ។ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ៖ នាពេលខាងមុខនេះគឺខេត្តនឹងមានគំរោងរៀបចំច្រាំងដោយចាក់បេតុងឱ្យបានរឹងមាំដើម្បីការពារទឹកជំនន់ចាប់ពីចំណុចគល់ស្ពានសំយ៉ោងរហូតដល់ភូមិរបស់ប្រជាពលរដ្ឋតែម្តងដែលមានប្រវែង៤០០ម៉ែត្រដើម្បីកុំឱ្យផ្លូវខូចដោយសារតែកំលាំងទឹករលកនារដូវវស្សាក៏ដូចជាដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានឆ្លងកាត់។
សូមបញ្ជាក់ផងដែរថា ៖ ផ្លូវក្រាលខ្សាច់ភ្នំមួយខ្សែរនេះគឺតភ្ជាប់ពីក្រុងស្វាយរៀឆ្ពោះទៅកាន់ច្រកព្រំដែនសំយ៉ោងដោយឆ្លងកាត់ឃុំបាសាក់ស្រុកស្វាយជ្រំ និង ឃុំ សំយ៉ោងស្រុកកំពង់រោទិ៍ បង្កលក្ខណៈងាយស្រួលដល់ការដឹកទំនិញចេញចូលរវាងប្រជាពលរដ្ឋ ក៍ដូចជាអាជីវករកម្ពុជានិងវៀតណាមដោយសារស្ថានភាពភូមិសាស្ត្រនៅជិតគ្នាផងនិងចំណាយថវិកាក្នុងការដឹកជញ្ជូនអស់សោហ៊ុយតិច ៕ វ៉ៃកូ