Tuesday, November 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ស្នើធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់អាទិភាពលើកំណើនជំរុញដោយវិស័យឯកជន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍លោកស្រី Yasmin Siddiqi នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី និងបានពិភាក្សាកិច្ចសហប្រតិបត្តិការ ដោយស្នើឱ្យធនាគារផ្តល់អាទិភាពកាន់តែខ្ពស់ដល់ការអភិវឌ្ឍវិស័យឯកជន។ ជំនួបនោះបានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នាទីស្តីការក្រសួង។

ឯកឧត្តមបានអបអរចំពោះតួនាទីថ្មីរបស់លោកស្រី Yasmin និងបានបញ្ជាក់ថា ក្រសួងត្រៀមបន្តសហការជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ ឯកឧត្តមបានលើកឡើងពីភាពជាដៃគូដ៏រឹងមាំរវាង ADB ជាមួយក្រសួង ព្រមទាំងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ ក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា រួមទាំងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងភាពចាំបាច់នៃការត្រៀមលក្ខណៈរបស់សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីប្រឈមកំណើននៃការប្រកួតប្រជែង និងបរិវត្តកម្មបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីសំខាន់របស់ ADB ក្នុងការគាំទ្រគំនិតផ្តួចផ្តើមកែទម្រង់វិស័យទឹកស្អាត និងបរិវត្តកម្មឧស្សាហកម្មផងដែរ។

លោកស្រី Siddiqi បានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងរាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះការផ្តល់ហិរញ្ញប្បទានផ្អែកលើគោលនយោបាយ។ លោកស្រីក៏បានជម្រាបជូនថា ក្រុមប្រឹក្សាភិបាលរបស់ ADB គ្រោងនឹងអនុម័តកញ្ចប់ហិរញ្ញប្បទានវិស័យទឹកស្អាតក្នុងសប្តាហ៍នេះ ដែលសបញ្ជាក់ពីការបន្តកិច្ចសហការរឹងមាំ ក្រោមកម្មវិធីភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកៀរគរហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងផ្តល់ឱកាសហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុននវានុវត្តន៍ថ្មីៗកាន់តែច្រើន ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×