ខេត្តព្រះសីហនុ ៖ មតិប្រជាពលរដ្ឋមួយចំនួនទាក់ទង សកម្មភាពដឹកដីចាក់លុបឆ្នេរព្រែកត្រែង នាខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋខ្លះបង្ហាញមតិថា “ឃើញរឿង ព្រែកត្រែង ចេះតែនឹកឃើញដល់ជំនាន់ អតីតអភិបាលខេត្តព្រះសីហនុ គឺលោក ស្បោង សារ៉ាត់ បានអនុញ្ញាតឲ្យសាងសង់ ឬធ្វើសំណង់លើឆ្នេរឯករាជ្យ ឬឆ្នេរ សណ្ឋាគារ ៧ជាន់ ..។ កាលណោះក្រោយសំណង់ចេញជារូបរាងហើយ ទើបអាជ្ញាធរ និងអ្នកពាក់ព័ន្ធនានានាំគ្នាភ្ញាក់ផ្អើល ហើយក៏ផ្អាក និងបញ្ឈប់សកម្មភាពសាងសង់ ប៉ុន្តែក្រោយមកគឺ…។
ប្រជាពលរដ្ឋ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ឥឡូវនេះ ដល់វេនមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យបានដឹកដីចាក់លុបឆ្នេរសមុទ្រ នៃឆ្នេរព្រែកត្រែងទៀតហើយ…។
ពេលនេះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ក៏បានតម្រូវអោយអ្នកចាក់ដីលុបឆ្នេរសមុទ្រព្រែកត្រែង ឈួសឆាយកើបអាចម៌ដីយកចេញពីឆ្នេរវិញ បន្ទាប់ពីបានដឹកដីចាក់លុបឆ្នេរខាងលើ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។
តើនៅថ្ងៃអនាគត ឆ្នេរព្រែកត្រែង ក៏មានវាសនាដូចគ្នានឹងឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់ដែរឬទេ? ។
មតិប្រជាពលរដ្ឋខ្លះទៀតមើលឃើញថា រាល់ថ្ងៃនេះ អ្នកមានលុយ និងអ្នកមានអំណាច បានក្លាយជាមិត្តភក្តគូកន និងបក្សពួកជាមួយគ្នាហើយ គឺកន្លែងណាក៏ច្នៃចេញជាលុយដែរ ពីព្រោះពួកគេដឹងផែនការមុនជានិច្ច។
ពលរដ្ឋឲ្យដឹងទៀតថា កន្លងមកសម្តេចហ៊ុន សែន បានបញ្ជូនក្រុមនិស្សិតអោយចុះកាត់ឆ្វៀលដីបែងចែកជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែកន្លែងខ្លះបានធ្វើប្លង់ទាន់ ក៏រួចពីទុក្ខភ័យពីការរំលោភយកពីសំណាក់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួន ហើយកន្លែងខ្លះ ដែលមិនទាន់បានធ្វើប្លង់ និងខ្លះមិនទាន់កាត់ឆ្វៀលដីជូនពលរដ្ឋ ក៏ត្រូវទទួលរងទុក្ខភ័យ ហើយត្រូវគេប្រើប្រព័ន្ធតុលារ ប្តឹងចាប់ពលរដ្ឋដាក់គុកច្រវ៉ាក់…។
សង្ឃឹមថា រាជរដ្ឋាភិបាលអណត្តិទី៦ ដែលចាប់ផ្តើមពីកណ្តាប់ដៃដែកក្នុងករណីចាក់ដីលុបព្រែកត្រែង នឹងបន្តរសម្អាតសំណល់បញ្ហានាអតីតកាលកន្លងមកផង ដើម្បីឲ្យខេត្តព្រះសីហនុស័ក្តិសមជាប៉ូលសេដ្ឋកិច្ចមួយនាំមុខ ដល់ការរីកចម្រើនជារួមរបស់ព្រះរាជាណា ចក្រកម្ពុជា ៕ ដោយ៖ ដែន សីមា