Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ជិះកង់របស់សហភាពអឺរ៉ុបលើកទី៣ បានត្រលប់មកវិញហើយ“ជិះកង់ដើម្បីភពផែនដី ជិះកង់ដើម្បីបរិស្ថានស្អាត”

រាជធានីភ្នំពេញ ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ជាសាធារណៈដ៏ធំជាលើកទី៣ ដែលមានឈ្មោះថា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីភពផែនដី ជិះកង់ដើម្បីបរិស្ថានស្អាត” ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពី អត្ថប្រយោជន៍នៃការជិះកង់សម្រាប់បរិស្ថាន ហើយក៏ដើម្បីលើកកម្ពស់ការអភិវឌ្ឍទីក្រុងស្អាតនិងប្រកបដោយនិរន្តរភាព ដែលទាំងនេះស្តែងចេញឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការឆ្លើយតបទៅនឹង បម្រែបម្រួលអាកាសធាតុពិភពលោក និងកិច្ចព្រមព្រៀងបៃតងអឺរ៉ុបផងដែរ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ។ ការជិះកង់នេះនឹងបើកជូនដល់សាធារណជនដើម្បី បានចូលរួម ហើយតម្រាយផ្លូវនេះត្រូវបានរៀបចំឡើងដើម្បីនាំសហគមន៍ទាំងអស់ឱ្យមកជិះកង់ជាមួយគ្នា ក្នុងស្មារតីនិង ចក្ខុវិស័យរួមគ្នា ដើម្បីបរិស្ថានស្អាតក្នុងទីក្រុង។ ក្បួនជិះកង់នេះនឹងចាប់ផ្តើម ព្រមទាំងបញ្ចប់នៅទីតាំងតែមួយ ពោលគឺខូខូណាត់ផាកទី២ ក្នុងបរិវេណកោះនរា។ ចំណែកឯរយៈចម្ងាយនៃការជិះកង់នេះគឺមានប្រមាណ ១១គីឡូម៉ែត្រ ដែលឆ្លងកាត់តំបន់សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើស្មារតីរួមនៃព្រឹត្តិការណ៍នេះថា “ការជិះកង់គឺជាសកម្មភាពដ៏សាមញ្ញមួយ ប៉ុន្តែមាន ឥទ្ធិពលយ៉ាងក្រៃលែងក្នុងការឆ្លើយតបទៅនឹងសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ “ជិះកង់ដើម្បីភពផែនដី ជិះកង់ដើម្បីបរិស្ថានស្អាត” គឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងបរិស្ថានស្អាតសម្រាប់ទីក្រុង ជួយឱ្យប្រជាជនមានសុខភាពល្អ និងធានាបាននូវអនាគត ប្រកបដោយនិរន្តរភាព សម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំសូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមជាមួយគ្នា។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីគុណតម្លៃនៃយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ដែលស្តែងឱ្យឃើញថាការគ្រប់គ្រងបរិស្ថានពិតជាមានសារៈសំខាន់”។

មិនត្រឹមតែការជិះកង់មួយមុខនោះទេ ព្រឹត្តិការណ៍នេះគឺជាការសាទរចំពោះ អ្នកចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាមួយការផ្តល់ជូននូវអាហារសម្រន់ ការប្រគំតន្ត្រី ព្រមទាំងកម្មវិធីសម្រាប់កុមារ និងក្រុមគ្រួសារផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×